(ស្វាយរៀង)៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួលថ្មី ខេត្តស្វាយរៀង រួមនឹងសមិទ្ធផលនានា ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ក្រោយពីត្រូវបានផ្លាស់ប្តូរមកទីតាំងថ្មីស្ថិតនៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ដោយសារទីតាំងចាស់មានទីធ្លា និងផ្លូវចូលបន្ទាយតូចចង្អៀត ពិបាកក្នុងការបំពេញតួនាទីភារកិច្ច។

ពិធីសម្ពោធបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ហើយពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់អាជ្ញាធរដែនដី រួមនឹងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនកុះករផងដែរ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានថ្លែងណែនាំដល់លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុករំដួល និងមន្ត្រីអាវុហត្ថទាំងអស់ ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងមូលដ្ឋានរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យបន្ថែម។

សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួលនេះ ក៏មានធ្វើពិធីសូត្រមន្តតាមបែបសាសនាទៀតផង៕