(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចស្ពានអូរសំអាត ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ នៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដើមឡើយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចជិតស្ពានអូរសំអាត ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ក៏បានលឺប្រជាពលរដ្ឋស្រែកថា មានករណីឆក់កាបូប តែមិនបានសម្រេច។

ក្នុងហេតុការណ៍នេះ បង្កដោយជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Honda Dream មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ1G-3348 ហើយសមត្ថកិច្ចក៏ដេញតាមជនសង្ស័យ។ ពេលមកដល់ចំណុចត្រីដូហ្វីន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ជនសង្ស័យបានជិះត្រឡប់ក្រោយ តាមផ្លូវគុជអាស៊ី រហូតដល់ចំណុចមុខហាងហេភី ស្ថិតនៅភូមិ២ សង្កាត់២ សមត្ថកិច្ចសម្រេចចិត្តបុកផ្ដួលម៉ូតូ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួចនាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត។

ជនសង្ស័យទាំង២នាក់ រួមមាន ទី១៖ឈ្មោះ ផាន់ ហុងលិ អាយុ១៥ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី២៖ឈ្មោះ សួន ចាន់តុលា អាយុ១៧ឆ្នាំ មានស្រុកកំណើតឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន ម៉ូតូ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕