(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោក ជិន សារិត កាលពីដើមសប្តាហ៍ កន្លងទៅនេះ បានដឹកនាំអតីតយុទ្ធមិត្ត ជាកងទ័ពជើងទឹក ដែលជាសិក្ខាកាមសាលាវប្បធម៌កងទ័ពស្វាយរលំជំនាន់ទី៨ រួមជាមួយប្រជាប្រជាពលពុទ្ធបរិស័ទ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះពៃស្រពណ៍ ហៅវត្តកំពង់បាស្រូវ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាលសួរសុខទុក្ខ ព្រះសង្ឃ និងលោកតា លោកយាយ ពុទ្ធសាសនិកទាំងអស់ លោកឧត្តមសេនីយ៍ឯក ជា តារា បានជម្រាបអំពីការផ្តូចផ្តើមគំនិត នាំឲ្យកើតមានការជួបជុំអតីតយុទ្ធមិត្តដែលបែកគ្នាជាយូរឆ្នាំ។ លោកក៏បានលើកពីប្រវត្តិតស៊ូសម័យសង្គ្រាម គឺភាគីកងទ័ពជើងទឹកដែលបានឈរជើងនៅក្នុងវត្ត ព្រះពៃស្រពណ៍នេះតែម្តង ហើយកងទ័ពបានសុខ សុវត្ថិភាព ព្រោះជ្រកក្នុងព្រះវិហារវត្តនេះដែលមានបារមីខ្លាំងពូកែណាស់ និងវាយបណ្ដេញក្រុមទាហានខ្មែរក្រហមចេញ ពីក្នុងភូមិនេះបានដោយជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ជា តារា បានក្រើនរំលឹកឲ្យពុទ្ធបរិស័ទទាំងអស់ប្រុងប្រយ័ត្ន និងយកចិត្តទុក្ខដាក់ការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ បន្ថែមពេលនេះលោកក៏បានជម្រាបអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ នឹងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ផងដែរ។

លោកឧត្តមសេនីយ៍ឯក ជា តារា និងយុទ្ធមិត្តកងទព័ជើងទឹក បានប្រគល់ទៀនព្រះវស្សា និងទេយ្យទានជាច្រើនទៀតដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះពៃស្រពណ៍ មានដូចជា៖ អង្ករ មី ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស រួមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត និងថវិកាមួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ជា តារា ក៏បានដឹកនាំយុទ្ធមិត្តកងទព័ជើងទឹក ធ្វើពិធីគោរពដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជននៃកងទ័ពជើងទឹកដែលបានពលីជីវិត នៅលើសមរភូមិក្នុងស្រុកស្រុកជលគិរីទាំងអស់ និងសូមវិញ្ញាណខន្ធយុទ្ធមិត្តទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត៕