(ភ្នំពេញ)៖ នគបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនឈ្មោះ ម៉ាត់ ឌី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមដងផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ ខណៈជនត្រូវចោទម្នាក់ទៀត ឈ្មោះ អ៊ុក ភក្តី សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជាបន្តទៀត។

លោកឧត្តមសេនីយទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ការចាប់ខ្លួនឈ្មោះ ម៉ាត់ ឌី ធ្វើឡើងតាមអំណាចដីការបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជាធានីភ្នំពេញ ក្នុងសំណុំរឿង «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។

លោកឧត្តមសេនីយទោ ប៉ុល រតនា បានបញ្ជាក់បន្ថែមទៀតថា នៅមានជនត្រូវចោទម្នាក់ទៀត ដែលកម្លាំងសមត្ថកិច្ចរបស់លោកកំពុងស្វែងរកចាប់ខ្លួន តាមអំណាចដីការបស់តុលាការ គឺឈ្មោះ អ៊ុក ភក្តី។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ លោកបានអញ្ជើញឈ្មោះ ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ មកសួរនាំសំណុំរឿងបន្ថែមនទៀតជាច្រើន ក្នុងនោះក៏មានរឿងបញ្ហាជាប់ពាក់ព័ន្ធដីធ្លីជាច្រើន ព្រមទាំងនៅខណ្ឌព្រែកព្នៅផងដែរ។

ពាក់ក្រុមជនត្រូវចោទនេះដែរ លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖

*ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
*ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
*ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
*ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
*ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
*ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
*ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
*ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
*ទី៩៖ និង គូកន (ក្រៅឃុំ)៕