(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផ្សារសហគមន៍កសិកម្មនៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការដំឡើងថ្លៃនៅក្នុងរដូវជំងឺកូវីដ១៩ ដែលកំពុងតែវាយលុកនោះទេ ហើយការផ្គត់ផ្គង់បន្លែត្រីសាច់វិញ បានគ្រប់គ្រាន់មិនខ្វះខាតនោះឡើយ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ងិន ហ៊ុន បានបន្តថា ទន្ទឹមនឹងផ្សារសហគមន៍កសិកម្មក្នុងក្រុងកំពង់ឆ្នាំង មិនមានការលក់ ដំឡើងថ្លៃពេលមានការផ្ទុះកូវីដ១៩នេះ មានអាជីវករលក់ដូរមួយចំនួនតូច បានឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ តែត្រូវបានទប់ស្កាត់ទាន់ពេលវេលាវិញ។

លោកបញ្ជាក់ថា «នៅក្រុងកំពង់ឆ្នាំង ក្រោមការផ្តួចផ្តើមបង្កើតផ្សារសហគមន៍កសិកម្មដោយ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង គ្រប់ផលិតផលកសិកម្មទាំងអស់ មិនមានការដំឡើងថ្លៃ គ្មានប្រើសារធាតុគីមី ដែលមានការទុកចិត្ត ពីប្រជាពលរដ្ឋអ្នកប្រើប្រាស់»

មន្ទីរកសិកម្ម បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធតែង តែចុះណែនាំដល់សហគមន៍កសិកម្ម កុំប្រើប្រាស់សារធាតុគីមី ទៅលើបន្លែ ត្រី សាច់ ឬផលិតផលកសិកម្ម ដោយឲ្យរក្សាលក់តម្លៃធម្មតា ព្រោះការធ្វើបែបនេះ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ការបង្កើតផ្សារសហគមន៍កសិកម្មល្អប្រសើរខ្លាំងណាស់ ដោយសារការ លក់ដូរមិនមានការដំឡើងថ្លៃហើយប្រជា ពលរដ្ឋភាគច្រើនមានការយល់ដឹងពីសុខភាពរបស់ពួកគាត់ គឺគាត់តែងតែមកទិញ មានទំាងត្រី សាច់ មានបន្លែសរីរាង្គ និយាយជារួមមានច្រើនយ៉ាងពាក់ព័ន្ធ ជាមួយនឹងវិស័យកសិកម្ម។

ការបង្កើតផ្សារនេះ ថែមទាំងបានជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដែលបានយកមកលក់ ហើយប្រជាពលរដ្ឋទទួលបានផលចំណេញ គឺទិញបានបន្លែសរីរាង្គ ដែលទិញទៅទទួលទាន ដោយទទួលបានសុខភាពល្អ ព្រោះមិនមានការប្រើប្រាស់ជីគីមី អ្នកហូបក៏ចំណេញសុខភាព អ្នកដាំលក់ក៏ចំណេញប្រាក់ រីឯទីផ្សារលក់កសិផលកសិកម្ម ដំណើរការជាធម្មតាជារៀងរាល់ថ្ងៃ មិនមានអ្វីគួរឲ្យរាំងស្ទះនោះឡើយ។

លោកប្រធានមន្ទីរបានជំរុញឱ្យប្រជាកសិករ នៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឱ្យបានច្រើនទ្វេដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងមិនត្រូវប្រើប្រាស់សារធាតុគីមី ឬជីគីមីឡើយ។ ប្រសិនបើមន្ទីរកសិកម្មខេត្តរកឃើញថា មានសហគមន៍កសិកម្មណាមួយ លួចប្រើប្រាស់សារធាតុ គីមីនោះ មន្ទីរនឹងបញ្ឈប់សហគមន៍នោះភ្លាម ព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងមានទំនុកចិត្តមកលើផ្សារសហគមន៍កសិកម្មនេះ ដោយនាំគ្នាសម្រុកមកទិញយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ផ្សារសហគមន៍កសិកម្មនេះ មានសហគមន៍ទូទាំងខេត្តចូលរួមចំនួន ៤៨សហគមន៍ ដែលក្នុងនោះ ដំណាំរបស់ប្រជាកសិករមួយភាគ សម្រាប់ផ្គត់ផ្គង់នៅផ្សារសហគមន៍ក្នុងខេត្ត និងមួយភាគទៀតមានការចុះកិច្ចសន្យាលក់ទៅកាន់នៅរាជធានីភ្នំពេញ៕