(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងបើកកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ នឹងបើកកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៥ ឆ្នាំ២០២០ លើរបៀបវារៈមួយចំនួន តែក្នុងនោះកិច្ចពិភាក្សានឹងផ្តោតសំខាន់លើការងារដែលក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារតែជំងឺ COVID-19។ នេះបើយោងតាមកលិខិតអញ្ជើញម្ចាស់គ្រឹះស្ថានសិក្សាឯកជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះ។

ក្នុងកិច្ចប្រជុំនៅរសៀលនេះដែរ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងលើករបៀបវារៈមួយចំនួនរួមមាន៖

*ទី១៖ គាំទ្រលើចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបើកឡើងវិញជា ៣ដំណាក់កាល
*ទី២៖ ត្រៀមរៀបចំខ្លួន ដើម្បីប្រើវិធីរៀនតាមយុទ្ធសាស្ត្រ Online Plus របស់លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កាលពីដើមខែកក្កដា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើឡើងជាបីដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១៖ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖ សាលារៀនមានស្តង់ដាអប្បបរមា។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។

លោក រស់ សុវាចា បានបន្ថែមថា ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕