(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ចូន បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវ និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោញផ្លូវជាតិលេខ៤ រាជាធានីភ្នំពេញ-ក្រុងព្រះសីហនុ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ក្រសួងសង្កេតឃើញថា មានការកើនឡើងនូវបាតុភាពរំលោភបំពានច្បាប់ ពីបុគ្គលមួយចំនួន ដូចជាការសាងសង់សំណង់ ការបួបប្រលាយ ស្រះ គន្លងបង្ហូរទឹក សម្រូលសុវត្ថិភាពផ្លូវថ្នល់ ការលក់ដូរ និងការចតយានយន្ត គ្មានសណ្តាប់ធ្នាប់លើដីចំណីផ្លូវ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្តាយផ្លូវជាតិលេខ៤។

ដោយសង្កេតឃើញបែបនេះ ក្រសួងសាធារណការ និងដឹកជញ្ចូន ដោយមានការសហការពីក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ នឹងចាត់វិធានការតឹងរឹង ចំពោះបុគ្គលណា ដែលសាងសង់សំណង់ លុបប្រឡាយ ស្រះ គន្លងបង្ហូរទឹក សម្រូលសុវត្ថិភាពផ្លូវថ្នល់ និងធ្វើកិច្ចការសាធារណៈ ឬឯកជន​ នៅក្នុងដីចំណីផ្លូវជាតិលេខ៤ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ចូន បានស្នើឲ្យសាធារណជន ដែលជាម្ចាស់លំនៅស្ថាន ឬម្ចាស់កម្មសិទ្ធិ អចលនទ្រព្យ និងចលនទ្រព្យ និងអ្នកប្រើប្រាស់ទាំងអស់ ចូលរួមសហការអនុវត្តច្បាប់ក្នុងការគ្រប់គ្រង និងការការពារដីចំណីផ្លូវ សំណង់ និងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ​ នៅតាមបណ្តោយផ្លូវនេះ ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

គួរបញ្ជាក់ថា រាជរដ្ឋភិបាលបានសម្រេចលុបចោល នូវកិច្ចព្រមព្រៀងសម្បទាន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេហ្សិត ឌីស្រ្ទីប្យូហ្សិន កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ និងបានប្រគល់ភារកិច្ច ឲ្យក្រសួងសាធារណការ និងដឹកជញ្ចូន ជាអ្នកគ្រប់គ្រងជួសជុលថែទាំ និងផ្តល់សេវាផ្សេងៗ៕