(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្កការស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ និងពិភាក្សាពីការប្រើប្រាស់ «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីស៉ឹម PRISM)» ក្នុងការផ្តល់ព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់បណ្តាញព័ត៌មានទាន់ហេតុការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅលើហេតុការណ៍គ្រោះមហន្តរាយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍ចំពោះលោកស្រី Francesca Erdelmenn ប្រធានអង្គការស្បៀងអាហាពិភពលោកប្រចាំនៅកម្ពុជា និងសហការី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចុះតាមបណ្តាខេត្ត និងជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធព្រីស៊ឹម ដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការស្បៀងអាហារពិភពលោក ដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យអង្កការស្បៀងអាហារពិភពលោក បន្តអំពាវនាវដល់អង្គការស្ថាប័នជាដៃគូដទៃទៀត ចូលរួមពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការស្បៀងអាហារពិភពលោក បន្តជួយពង្រីកវីសាលភាព «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីស៉ឹម PRISM)» ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រង និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើគ្រោះមហន្តរាយ។

លោកស្រី Francesca Erdelmenn ប្រធានអង្គការស្បៀងអាហាពិភពលោកប្រចាំនៅកម្ពុជា ដែលដល់ពេលបញ្ចប់អាណត្តិការងាររបស់ខ្លួននៅកម្ពុជាហើយនោះ បានគោរពថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសំដែងការគួរសមពិក្សាការងារ ព្រមទាំងបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អលើការងារផ្សេងៗនាពេលកន្លងមក។

លោកស្រី បានជម្រាបលោកទេសរដ្ឋមន្ត្រី គន់ គីម ទោះបីលោកស្រីចប់អាណត្តិនៅកម្ពុជាក៏ដោយ ក៏លោកស្រីនឹងខិតខំជួយកម្ពុជា ក្នុងការពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា «ប្រព័ន្ធវេទិកាព័ត៌មានទាន់ហេតុការណ៍ PRISM» គឺជាប្រព័ន្ធប្រមូលព័ត៌មានស្តីពីគ្រោះមហន្តរាយនានាតាមរយៈទូរស័ព្ឌ/ថេបប្លែត ជាវេទិកាផ្តល់​ព័ត៌មានទាន់ពេលវេលា ដើម្បីជាជំនួយដល់ការតាមដានត្រួតពិនិត្យ វាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជាពិសេស​សម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះ វេទិកានេះជាកន្លែងរួមបញ្ចូលលំហូរព័ត៌មាន​របស់រាជរដ្ឋាភិបាលពីក្រសួងពាក់ព័ន្ធនានា​ឱ្យមានទំនាក់ទំនង​គ្នាទៅវិញទៅមក។

ប្រព័ន្ធនេះអាចប្រើប្រាស់ និងប្រមូលទិន្នន័យទៅលើគ្រប់ប្រភេទនៃគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត សត្វល្អិតបំផ្លាញ បាក់ច្រាំង និងគ្រោះថ្នាក់ចរាចរណ៍។ ទិន្នន័យនៅក្នុងប្រព័ន្ធ PRISM រួមមាន៖ ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតដោយសារគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ទៅលើមនុស្ស សត្វ ផ្ទះសម្បែង ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារ៉ាម និងតម្រូវការរបស់ប្រជាជន​រងគ្រោះ។ ទិន្នន័យទាំងនេះនឹងត្រូធ្វើការប្រមូលកម្រិតឃុំ និងបញ្ជូនព័ត៌មានមកដោយមន្ត្រីថ្នាក់ស្រុក។

«ប្រព័ន្ធវេទិកាព័ត៌មានទាន់ហេតុការណ៍ PRISM» បានដាក់ដំណើរការសាកល្បងលើកដំបូងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៨ ប្រព័ន្ធនេះត្រូវបានពង្រីក​ទៅ​ខេត្ត​នៅជុំវិញបឹងទន្លេសាប និងខេត្តតាមដងទន្លមេគង្គ និងខេត្តជាប់សមុទ្រផងដែរ។

បច្ចុប្បន្ននេះ រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តកែប មិនទាន់បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវេទិកាព័ត៌មានទាន់ហេតុការណ៍ PRISM នេះនៅឡើយទេ៕