(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសារទរខួបលើកទី១២ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីនេះស្ថិតក្រោមវត្តមានលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក ជុច ភឿន រដ្ឋលេខាធិការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងនោះក៏មានការចូលរួមពីលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរព្រះវិហារ ព្រមទាំងកងកម្លាំងប្រដាប់ទាំង៣, បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ឆ្មាំ ពលករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក ជុច ភឿន បានថ្លែងថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកស្ទួយជ្រោមជ្រែងវប្បធម៌ជាតិ តាមរយៈការជំរុញការអភិរក្ស និងការអភិវឌ្ឍប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទបុរាណផ្សេងៗទៀត នៅទូទាំងប្រទេស។

លោកថា «ប្រាសាទព្រះវិហារមានលក្ខណៈខុសពីប្រាសាទបុរាណផ្សេងៗ ដោយហេតុថា ប្រាសាទនេះនៅជាប់ព្រំដែន ដែលបង្ករការលំបាកក្នុងការអភិរក្ស និងបានប្រទាញប្រទង់គ្នា អស់ជាច្រើនទស្សវត្សជាមួយប្រទេសជិតខាង។ ទើបតែនៅពេលដែលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ២០០៨កន្លងមកនេះទេ ដែលប្រាសាទព្រះវិហារ មានភាពល្បីរន្ទឺ រហូតគណៈកម្មការបេតិកភណ្ឌពិភពលោករបស់អង្កការយូណេស្កូ ផ្តល់តម្លៃថាជាប្រាសាទ ដែលមានលក្ខណៈលេចធ្លោជាសកលទាំងផ្នែកស្ថាបត្យកម្មសំណង់ ទេវកថាដែលទាក់ទង និងព្រះឥសូរក្នុងព្រហ្មញ្ញសាសនា និងការធ្វើឲ្យមានសុខដុមរម្យនាជាមួយនឹងធម្មជាតិជុំវិញ»។

ដោយឡែកលោកតំណាងរាស្ត្រ សួស យ៉ារ៉ា បានថ្លែងថា «ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទឹកមុខសប្បាយរីករាយព្រោះថា១២ឆ្នាំ ដែលយើងបានចុះបញ្ជី ហើយ គឺយើងមានលទ្ធផលពីមុនមកកន្លែងនេះ ពុំបានមានសន្តិភាពទេ តែឥលូវនេះយើងបានសន្តិភាពហើយ ទើបយើងមានឱកាសបានពិភាក្សាគ្នា បាននិយាយអំពីប្រវត្តិសាស្ត្រ បានអួតពីស្នាដៃល្អឯករបស់បេតិកភណ្ឌពិភពលោក ដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរយើង»។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា មូលហេតុធំបំផុត នៃការចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងបេតិកភណ្ឌពិភពលោកនេះ យើងមានលទ្ធផលចំនួន៧ ដែលយើងតេងតែនិយាយ។

លោកបញ្ជាក់ថា ០៧ កក្កដា ២០០៨ ដល់០៧ កក្កដា ឆ្នាំ២០២០ យើងប្រារព្ធខួបលើកទី១២ យើងរក្សាបាននូវព្រះវិហារនេះ គឺយើងមានឧត្តមភាពមួយ គឺឧត្តមភាព ការពារខ្សែក្រវាត់៧ជាន់ របស់ដូនតាខ្មែររបស់ប្រជាជាតិខ្មែរទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃបារមីដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី និងជាការទទួលមរតកមួយ ជាការតស៊ូរបស់សម្តេចព្រះករុណា ព្រះបរមរតនកោដ។

លោកតំណាងរាស្ត្រ បានបញ្ជាក់ទៀតថា ខ្សែក្រវាត់ទាំង៧ជាន់រួមមាន៖

*ទី១៖ តុលាករក្រុងឡាអេឆ្នាំ ១៩៦២
*ទី២៖ បានតុលាការក្រុងឡាអេ ឆ្នាំ២០១៣
*ទី៣៖ យើងបានចុះបញ្ជី ទៅក្នុងបេតិកភណ្ឌពិភពលោក ថ្ងៃ០៧.០៧.២០០៨
*ទី៤៖ គឺការពារជាតិ ដោយកងទព័ជាតិ កងនគរបាលជាតិទាំងមូល កម្លាំងប្រជាជនទាំងអស់ មកបោះទីតាំងកាន់កាប់ជាក់ស្តែង លែងឲ្យគេមកជាន់ដីយើង មួយមីលីម៉េត្រឡើយ
*ទី៥៖ គឺតំបន់បេតិកភណ្ឌ បានបញ្ចូលទៅក្នុងច្បាប់ជាតិ តំបន់បេតិកភណ្ឌទាំងមូល២៣០០០ហិកតានេះ ជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ពុំមានអ្នកណាមានសិទ្ធឡើយ
*ទី៦៖ អន្តរជាតិ មានការចូលរួមពីប្រទេសទាំងអស់ ចូលរួមជាកិច្ចសហប្រតិបត្តិការរួមកសាង និងជួសជុលប្រាសាទព្រះវិហារឡើងវិញ
*ទី៧៖ គឺខ្សែក្រវាត់សាមគ្គីភាពជាតិ ក្រោមទង់សន្តិភាពរបស់សម័យសម្តេចតេជោ ហ៊ុន សែន យើងនេះឯង។

ជាមួយគ្នានេះដែរ លោកតំណាងរាស្ត្រ សួស យ៉ារ៉ា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានប្រាសាទព្រះវិហារ និងរម្មណីយដ្ឋានប្រាសាទកោះកែរ។

លោកថា ការប្រឹងប្រែងបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឆ្មាំ ពលករ ឧទ្យាននុរក្ស សន្តិសុខអភិរក្ស នៃអជ្ញាធរជាតិព្រះវិហារ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បានផ្តល់ភាពកក់ក្តៅ និងជំនឿទុកចិត្តពីប្រជាជនកម្ពុជាទាំងអស់ ដែលជាម្ចាស់នៃសម្បត្តិ នៃបេតិកភណ្ឌពិភពលោកនេះ ថានឹងរក្សាបានគង់វង្សតទៅមុខទៀត៕