(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារតែបច្ចុប្បន្ននេះមិនសូវមានអ្នកដំណើរ តាមរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះ ព្រោះតែមិនសូវមានយន្តហោះ ហោះចេញចូលនោះ ក្រសួងសាធារណការ កំពុងពិភាក្សា ជាមួយក្រុមហ៊ុន Royal Group ដើម្បីពិចារណាបិទខ្សែររថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះនេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះថា «យើងខ្ញុំនឹងពិចារណាឡើងវិញលើរទេះភ្លើង ដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ មកព្រលានយន្តហោះដោយពីដើមធ្លាប់មានអ្នកជិះ តែឥឡូវនេះមិនសូវមានអ្នកដំ ណើរដោយសារយើងអត់មានយន្តហោះចេញចូលច្រើន ក៏គ្មានអ្នកដំណើរទៅព្រលានយន្តហោះ ហើយក៏អត់មាន អ្នកជិះរទេសភ្លើងហ្នឹងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះ អញ្ចឹងយើងខ្ញុំកំពុងតែពិចារណាថា គួរតែបិទ បើអាចបិទបានយើងគួរតែបិទទៅ ដោយសារអត់មានអ្នកជិះ ហើយវាអាចបង្កគ្រោះថ្នាក់ចររាចរណ៍នៅតាមផ្លូវហ្នឹងផង»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែពិចារណាជាមួយក្រុមហ៊ុន Royal Group បើនៅតែបន្តអត់មានអ្នកជិះទេ នឹងបិទខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះនេះតែម្តង។

ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចររាចរណ៍តាមផ្លូវរថភ្លើងផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់រថភ្លើងភាគខាងជើងគឺចាប់ផ្តើមដំណើរការច្រើន ប៉ុន្តែប្រជាពលរដ្ឋមិនសូវបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់នេះ ដោយពួកគាត់បានបើកឆ្លងកាត់ផ្លូវរថភ្លើងដោយគ្មានការប្រុងប្រយ័ត្ន ដូចនេះហើយក្រសួងសាធារណការ កំពុងតែត្រៀមធ្វើស្ពតមួយ ដើម្បីណែនាំពន្យល់ពីព្រោះថ្នាក់ចររាណ៍រវាងរថយន្ត និងរថភ្លើងនេះផងដែរ៕