(ភ្នំពេញ)៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងដោយមានការគាំទ្របច្ចេកទេស ពីដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ បានបំពេញការងារ និងភារកិច្ចទៅតាមសមត្ថកិច្ចរៀងៗ ដើម្បីធានាថា ការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណគ្រួសារក្រីក្ររបស់ប្រជាពលរដ្ឋ ការបញ្ជាក់សុពលភាព នៃបណ្ណក្រីក្រ នៅតាមបណ្ដាឃុំសង្កាត់ និងការបើកប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាល នៅតាមបញ្ជរផ្ទេរប្រាក់វីងជាដើម បានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាក់ស្ដែងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ, ក្រោមការចង្អុលបង្ហាញរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះបំពេញបេសកកម្មពិនិត្យ ការបន្តកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ ការបញ្ជាក់សុពលភាព នៃបណ្ណក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំសង្កាត់ និងការបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរផ្ទេរប្រាក់វីងនានា ក្នុងខេត្តកំពត តាកែវ កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ និងឧត្ដរមានជ័យ ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បំពេញបន្ថែមលើការងារតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី ដោយក្រុមការងារស្រាវជ្រាវជំនាញ។

តាមរយៈរបកគំហើញ ក៏ដូចជាលទ្ធផលជាបន្តបន្ទាប់នៃការតាមដាន និងវាយតម្លៃនេះ ក្រុមការងារបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ សមស្របសម្រាប់បញ្ហាប្រឈម ដែលកើតមានឡើងជាយថាហេតុ ជៀសវាងនូវការភាន់ច្រឡំពីប្រជាពលរដ្ឋ និងសាធារណជន ក៏ដូចជាការបំភាន់មតិ ពីមជ្ឈដ្ឋានមួយចំនួន។

ដោយឡែកចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ខាងមុខ, ក្រុមការងាររបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏នឹងបន្តបេសកកម្ម ចុះពិនិត្យ និងសង្កេតការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមឃុំសង្កាត់ នៃបណ្ដាខេត្តនៅប៉ែកភាគឦសាន ប្រទេសកម្ពុជា ដែលរួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី ជាបន្តទៀត៕