(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋ នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដើម្បីផ្ទៀងផ្ទាត់ទិន្និន័យក្បាលដី និងធ្វើការដាក់ពាក់បណ្តឹងតវ៉ាក្នុងករណីខុសទិន្ន័យក្បាលដីជាកម្មសិទ្ធិខ្លួន។

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកសេសាន ក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដោមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ គណៈអភិបាលស្រុកសេសាន និងប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដីជាច្រើននាក់។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រោយពីរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកំភុនរួចមក មន្ទីរបានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចំនួន១ក្រុម ដើម្បីចុះធ្វើការវាស់វែង និងបំពេញទំរង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ លោកថា បន្ទាប់ពីវាស់វែងបំពេញបែបបទរួចរាល់មន្ទីរធ្វើការបិទផ្សាយជាសាធារណៈរយៈពេល ១៥ ដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដី ពិនិត្យផ្ទៀងផ្ទាត់ទិន្ន័យរបស់ខ្លួនមុន និងចេញប័ណ្ណកម្មសិទ្ធ។

លោក ម៉ិញ ស៊ីចាយ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់កម្មសិទ្ធិដីធ្លីក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង សូមទៅពិនិត្យទិន្ន័យដីរបស់ខ្លួនចាប់ពីថ្ងៃទី០៧ ខែកក្កដា នេះតទៅ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីជៀសវៀងកុំមានកំហុសឆ្គងទិន្ន័យ ដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបានកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្ន័យនោះឡើយ។

លោក ម៉ុម សារឿន បានថ្លែងថា ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះសម្រាប់ភូមិកំភុន នេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ ដែលអាចកែប្រែនូវរាល់កំហុសឆ្គងលើទិន្ន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បីឈានទៅរកការសម្រេចចេញជាប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋក្នុងភូមិ ដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនមានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មានទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការរំលោភបំពានពីអ្នកណាម្នាក់ឡើយ។

លោក ម៉ុម សារឿន សង្កត់ធ្ងន់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងគោលបំណងធ្វើយ៉ាងបញ្ជប់ទាំងស្រុងនូវរាល់បញ្ហាវិបត្តិដីធ្លីរ៉ាំរៃ ដែលតែងតែកើតឡើងចំពោះប្រជាពលរដ្ឋ និងធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ព្រោះក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីហើយ ប្រជាពលរដ្ឋអាចយកប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះ ទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន។

គួបញ្ជាក់ថា បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិកំភុន មានក្បាលដីសរុបចំនួន១១០៦ ក្បាលដី ស្មើនឹង២០៦២,២៣ហិកតា និងមានចំនួន៦៨៨គ្រួសារ។ ក្នុងនោះមានជាប្រភេទដីកសិកម្ម ដីលំនៅឋាន ដីត្រពាំង ដីព្រៃកប់ខ្មោច ដីរួម ដីវត្ត ដីទួលអ្នកតា ដីក្រោមរដ្ឋបាលស្រុក និងដីកម្មសិទ្ធិរដ្ឋ៕