(ភ្នំពេញ)៖ ការមិនពាក់មួកសុវត្ថិភាព, ការមិនពាក់ខ្សែក្រវាត់, ល្មើសល្បឿន និងការប្រើប្រាស់ទូរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេងក្នុងពេលបើកបរ នៅតែជាបញ្ហាចំបង នៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។

នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។

របាយការណ៍បានបញ្ជាក់ថា ផ្អែកតាមទិន្នន័យ នៃការផាកពិន័យ បានបង្ហាញឲ្យឃើញចំណុចអវិជ្ជ ដែលនៅតែបន្តកើតឡើងពាក់ព័ន្ធ ដល់ការធ្វើចរាចរណ៍ លើដងផ្លូវនោះគឺ៖

* តួលេខនៃការពិន័យបទល្មើសចរាចរណ៍ប្រចាំថ្ងៃ នៅកម្រិតថេរ ក្នុងរង្វង់លើក្រោម១.២០០ករណី បានន័យថា អំពើល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហាក់មិនទាន់មានការថយចុះ។

* ប្រភេទបទល្មើសចរាចរណ៍ផ្លូវគោក ដែលនៅបន្តកើតឡើង និងមានអត្រាខ្ពស់ ដូចជា ការមិនពាក់មួកសុវត្ថិភាព (៨៥%) ការមិនពាក់ខ្សែក្រវាត់ (៤៣%) ល្មើសល្បឿន (២៩%) និងការប្រើប្រាស់ទូរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ក្នុងពេលបើកបរ (១០%)។

* គ្រោះថ្នាក់ធ្ងន់ធ្ងរ ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ បានបង្កឲ្យមានជនរងគ្រោះក្នុងអត្រាខ្ពស់ (៧លើក ស្លាប់៣នាក់ និងរបួស២០០នាក់) ដែលបញ្ហានេះ ចាំបាច់ត្រូវតែបង្កើនការគ្រប់គ្រង រឹតបន្ដឹង និងអប់រំដល់អ្នកបើកបរ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន។

របាយការណ៍បានបន្ថែមទៀតថា ដូច្នេះបើផ្អែកតាមទិន្នន័យខាងលើនេះ បានបង្ហាញថា នៅមានអ្នកប្រើប្រាស់ផ្លូវមួយចំនួនតូច នៅតែគ្មានឆន្ទៈ និងសម្បជញ្ញៈ ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ដែលឥរិយាបថ និងទម្លាប់មិនល្អ។

ទាំងនោះបានជះឥទ្ធិពលដល់ប្រសិទ្ធភាព ក្នុងការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងក៏ជាមូលហេតុ ធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ក្នុងតួលេខខ្ពស់ ពេលខ្លះបានបង្កគ្រោះថ្នាក់ បុកមន្ត្រីនគរបាលបំពេញភារកិច្ច ត្រួតពិនិត្យទៀតផង។

សូមបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២០នេះ បានត្រួតពិនិត្យយានយន្ដសរុប ចំនួន៩៨៧,០០៣គ្រឿង ក្នុងនោះ ម៉ូតូចំនួន៦១% ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ២៣៤,១១៤គ្រឿង ស្មើនឹង២៤% ក្នុងនោះ ម៉ូតូចំនួន៦៥%។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ កើតឡើងចំនួន១,៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២,៤៤៩នាក់ (របួសធ្ងន់១,១២៣នាក់) អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕