(រតនគិរី)៖ យោងតាមប្រជាសហគមន៍នៅស្រុកអណ្តូងមាស បានឲ្យដឹងថា ជារៀងរាល់យប់មានម៉ូតូជាច្រើនគ្រឿង បានចូលទៅដឹកឈើកន្លែងពួកគាត់ រួចដឹកមកកាន់ច្រករបៀងមួយចំនួនដូចជា ប៉ុស្តិ៍ច្រករបៀងអូរសាថី និងប៉ុស្តិ៍ច្រករបៀងពាមអូរសាថី ស្ថិតក្នុងស្រុកអណ្តូងមាស និងប៉ុស្តិ៍ច្រករបៀងភូមិភិលើ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែបន្តលួចដឹកឈើទៅវៀតណាម ប៉ុន្តែមិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។

ជាក់ស្តែងឈើគគីរ, ឈើកកោះ, និងឈើសុក្រំជាច្រើនដុំ បម្រុងដឹកចេញទៅវៀតណាមកាលពីព្រឹកថ្ងៃទី៥​ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវកម្លាំងប៉ុស្តិ៍ច្រករបៀងភូមិភិលើ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់។

បើតាមប្រជាសហគមន៍ តាមប៉ុស្តិ៍ច្រករបៀងខាងលើ មានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងយោធាការពារព្រំដែនគោក និងកម្លាំងនគរបាលការពារព្រំដែនច្រើនស្អេកស្កះ បើសិនមានឆន្ទះបង្ក្រាបការដឹកជញ្ជូនឈើទៅវៀតណាមនោះច្បាស់ជាឈើ១ដុំឆ្លងទៅវៀតណាមមិនរួចផង។

ទាក់ទិនទៅនឹងការលួចដឹកជញ្ជូនឈើទៅវៀតណាម តាមប៉ុស្តិ៍ច្រករបៀងខាងលើនេះដែរ លោក លន់ សុភាព អភិបាលរង និងជាអនុប្រធានគណៈកម្មការបង្ក្រាបធនធានធម្មជាតិខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា វិធានការម៉ឺងម៉ាត់របស់លោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្ត គឺមិនអនុញ្ញាតឲ្យមានការ លួចដឹកឈើទៅវៀតណាមនោះទេ។

លោកថា ឈ្មួញឈើ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋក៏ដោយឲ្យតែមានការពាក់ព័ន្ធត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ទាំងអស់។ បើកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មានការពាក់ព័ន្ធ គប់គិតជាមួយឈ្មួញត្រូវទទួលពិន័យកងកម្លាំងហើយបើធ្ងន់ធ្ងរត្រូវអនុវត្តន៍ច្បាប់។

លោក លន់ សុភាព បញ្ជាក់ឲ្យដឹងទៀតថា កន្លងមកក្រុមឈ្មួញខិលខូចតែងតែយកប្រជាពលរដ្ឋ ធ្វើជាខែលដូច្នេះឈ្មួញឈើ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែអនុវត្តន៍ច្បាប់ដោយគ្មានការលើកលែង៕