(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺជូនករណីការរិះគន់តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងសកម្មភាពរបស់នគរបាលមួយក្រុម បានចាក់សោកង់រថយន្ត នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នោះគឺដោយសាររថយន្តមួយគ្រឿងនេះបានចតខុសច្បាប់ចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រោយមានការផ្សព្វផ្សាយបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅនឹងចម្ងល់របស់គណនីហ្វេសបុកនោះដែលបានចុះផ្សាយថា «ដើរចាក់សោកង់រថយន្តចតលើចិញ្ចើមផ្លូវ តែតាមមើលរថយន្តខ្លះគេចតហួសផ្លូវ ហើយហេតុអ្វីក៏ចាក់ដែរ? អត់យល់?»។

ក្រុមការងារប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សូមបកស្រាយជូនសាធារណជនឲ្យបានជ្រាបថា បានជារថយន្តទាំងអស់ដែលចតផុតទៅខាងលើចិញ្ចើម ហើយបែរជាត្រូវចាក់សោកង់ទៀតដោយសារម្ចាស់រថយន្តបានចតខុសច្បាប់ចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណ:ដូចជា៖

* ទី១៖ ចតបញ្ច្រាស់ទិសចរាចរណ៍
* ទី២៖ ចតលើផ្លូវសាធារណៈសម្រាប់ធ្វើចរាចរណ៍
* ទី៣៖ ចិញ្ចើមផ្លូវសម្រាប់ជនថ្មើរជើងដើរមិនមែនសម្រាប់ចតរថយន្តនោះទេ
* ទី៤៖ យកចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រកបអាជីវកម្មតាំងលក់ និងជួសជុលរថយន្ត។

សូមបញ្ជាក់បន្ថែមថា រូបភាពទាំងនេះជាការចុះរៀបចំសណ្តាប់ធ្នាប់របស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានការចូលរួមពីកម្លាំងចរាចរណ៍ នៃអធិការខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវលេខ២៧៥ សង្កាត់បឹងកក់ទី១ ក្រោយពីទទួលបានការប្តឹងពីប្រជាពលរដ្ឋ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា សូមស្វែងយល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ កុំផ្អែកលើតែរូបភាពមួយផ្នែក ហើយចាប់ផ្តើមវាយតម្លៃវិធានការណ៍ របស់សមត្ថកិច្ចថាមិនត្រឹមត្រូវ។ សូមចូលរួមគោរពច្បាប់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងសោភណ្ឌភាពទីក្រុង៕