(ស្ទឹងត្រែង)៖ ដោយឈរស្មារតីខ្ពស់ប្រកបដោយការទទួលខុសត្រូវ និងបានមើលពីកត្តាចាំបាច់ អំពីតម្រូការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលត្រូវការលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀននោះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីជំនាញ មកពីមន្ទីរអង្គភាពជំរុញខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវស្ពានដែកបាឡេចំនួន១០កន្លែង និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំថាឡាបរិវ៉ាត់ ឃុំអូរ៉ៃ និងឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ និងឃុំសៀមបូក ស្រុកសៀមបូក។

ក្នុងឱកាសនោះដែរលោក ម៉ុម សារឿន បានបញ្ជាក់ថា ស្ពានដែកបាឡេទាំង១០កន្លែង និងផ្លូវមួយខ្សែនេះ គឺជាចំណង់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទាំងជិតឆ្ងាយ ពិសេសតំបន់ដែលជួបការលំបាក។

លោកអភិបាលខេត្តបានបន្តថា កន្លងមកផ្លូវមួយខ្សែមានលក្ខណៈលំបាក ក្នុងការឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ពិសេសក្នុងរដូវរស្សា ដោយផ្លូវមានលក្ខណៈរអិល និងត្រូវឆ្លងកាត់ស្ពានឈើចាស់ៗ ទ្រុឌទ្រោម ជាច្រើនកន្លែង។ ដោយសារមើលឃើញពីការលំបាកទាំងនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចឱ្យស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ និងស្ពានដែកបាឡេ លូភ្លោះព្រមទាំងដាឡូ ជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋអាស្រ័យផល ធ្វើដំណើរលើផ្លូវមួយក្នុងការដឹកនាំដាំដំណាំ កសិផល របស់ពួកគាត់។

លោក ម៉ុម សារឿន បានបន្ថែមថា បច្ចុប្បន្នស្ពានដែកបាឡេទាំង១០កន្លែងនេះ សាងសង់បាន ១០០ភាគរយ ហើយដែលអាចបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីលើបាន និងផ្លូវក្រាលគ្រួសក្រហម ប្រវែងជាង៣០ គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំ៣ របស់ស្រុកថាឡាបរិវ៉ាត់ ទៅដល់ឃុំសៀមបូក ស្រុកសៀមបូក ស្ថាបនាបាន៨០ ទៅ៩០ភាគរយហើយ ដោយនៅសល់កន្លែងមួយចំនួនត្រូវកែសម្រួល និងត្រូវសាងសង់ស្ពានលូភ្លោះបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះលោក ម៉ុម សារឿន បានបន្តដំណើរចុះពិនិត្យការសាងសង់សាលាបឋមសិក្សាក្ងោក និងអណ្ដូងស្នប់ ដែលជាអំណោយដ៏ផ្ទាល់របស់លោក ស្ថិតនៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕