(សៀមរាប)៖ កូនឈើចំនួន៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប។ ការដាំស្តារឡើងវិញនេះ គឺស្ថិតក្រោមការឧបត្ថម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃដែលជាគម្រោងរេដបូកសាកល្បង អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សកម្មភាពដាំស្តារព្រៃឈើនេះ មានការចូលរួមដោយព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុងឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោក ព្រឹន សាវិន ប្រធានរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះជានិម្មិតរូបមួយ បញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍សសរស្តម្ភ សហគមន៍មុខបែន បានដាំកូនឈើនេះ ក្រោមការឧបតម្ភគម្រោងរេដបូកនៃក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលជលផល នាយកដ្ឋានអភិរក្ស បានផ្តូចផ្តើមដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹកនេះនៅលើផ្ទៃដី ៤០ ហិចតា ស្មើរនិង៤ម៉ឺនដើម មានប្រភេទពូជកូនឈើ ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។

លោកបានបញ្ជាក់តថា ការដាំស្តារឡើងវិញនេះ គឺនៅលើផ្ទៃដីដែលទទួលរង គ្រោះដោយសារភ្លើងឆេះនារដូវប្រាំង៣ឆ្នាំកន្លងមកដែលទទួលរងនូវភាពរាំងស្ងួត នារដូវប្រាំងកន្លងមក និងយើងបានចូលរួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា អភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិយើងឡើងវិញ ដើម្បីជំរក ពងកូនដល់មច្ចាជាតិយើងនៅរដូវទឹកឡើង។

លោក ថាន់ ហឹក អភិបាលរងស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា រដ្ខបាលស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើន ដែលបានចូលរួមនៅក្នុងការដាំកូនឈើនៅក្នុងតំបន់ព្រៃលិចទឹក ស្ថិតនៅក្នុងមូលដ្ឋាន នៃភាគខាងជើងបឹងទន្លេសាបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនិងគម្រោងនេះ ដែលនិងជួយឱ្យមានការការពារ និងអភិរក្សព្រៃនៅក្នុងតំបន់ព្រៃលិចទឹកនេះ និងរក្សាបានជាកេរ្តន៍តំណែលដល់កូនចៅជំនាន់ក្រោយៗទៀត។

បើតាមការបញ្ជាក់ពីសំណាក់លោក ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោង រ៉េដបូក នៃក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងនៃការដាំស្តារព្រៃលិចទឹកឡើងវិញនេះ ស្ថិតនៅក្រោមការគាំទ្ររបស់គម្រោង Redd+ ប្រទេសកម្ពុជា។គម្រោងនេះ គឺជាគម្រោងមួយដែលបានកំពុងតែអនុវត្តន៍ និងការកាត់បន្ថយនូវការបាត់បង់នូវការរិចរឹលនៃព្រៃឈើ ទៅលើព្រៃឈើ ហើយជាការចាំបាច់ គម្រោងពិនិត្យទៅលើតំបន់ណាដែលមានសភាពរិចរឹល ឬក៏ បាត់បង់។

លោកបានបន្តថា នៅក្នុងតំបន់នេះគឺជាតំបន់ ព្រៃលិចទឹក ហើយប្រជាសហគមន៍មូលដ្ឋាន ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំស្រុក គាត់បានយល់ដឹងច្រើនអំពីប្រយោជន៍ រួមនៅការថែរក្សាការពារព្រៃលិចទឹកនេះ ដែលធ្វើឱ្យគាត់មានបំណង និងស្តែងចេញនូវផែនការសកម្មភាពក្នុងការស្តារសកម្មភាពឡើងវិញនូវសកម្មភាពនៃការដាំកូនឈើនៅតំបន់ព្រៃលិចទឹកនេះសម្រាប់ជាប្រយោជនរួមទៅអនាគត។

លោក ជា សំអាង បានបញ្ជាក់ថា ព្រៃលិចទឹក គឺជាកន្លែងមួយដែលជាតំបន់អភិរក្សរបស់ តំបន់ទំនាបបឹងទន្លេសាប ហើយកន្លែងអភិរក្សនេះ គឺគេអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោកហើយអ្នកដែលទទួលបានផលប្រយោជន៍នេះ គឺសហគមន៍ប្រជាមដ្ឋានតែម្តង។ លោកបានបន្ថែមថា មច្ឆាជាតិទាំងអស់ដែលរស់នៅបាន គឺពឹងផ្អែកទៅលើព្រៃលិចទឹកនេះ ដែលបានបន្សល់សត្វច្រើន ហើយអ្វីដែលបានមានសល់រហូតមកដល់សព្វថ្ងៃនេះ គឺបានដោយសារព្រៃលិចទឹកនេះ៕