(ប៉ៃលិន)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម។

នាឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីក ចម្រើនទន្ទឹមគ្នា ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារាមឱ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

អភិបាលខេត្ត បានឱ្យដឹងថា ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនាមានសារសំខាន់ និងជាអំឡុងពេលដ៏សំខាន់ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌ វិន័យរបស់ព្រះសម្មាសម្ពុទ្ធឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះ គឺដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ជាមួយគ្នានោះ លោក ផាន់ ចាន់ធុល បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ កុំឲ្យកើតមានក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត និង១អាស្រម ដោយក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ៥០kg ទឹកបរិសុទ្ធ ១កេះ , ទឹកផ្លែឈើ ១កេះ មី ១កេះ, ទឹកត្រី ១យួ, ទឹកស៊ីអ៊ីវ ១យួ, ត្រីខ ១យួ និងបច្ច័យ ចំនួន ២០ម៉ឺនរៀល ក្នុងនោះវត្តចំនួន៣ គឺវត្តកោងកាង, វត្តប៉ាហ៊ី និងវត្តអូរច្រា គឺទទួលបានទៀនព្រះវស្សា ០១ គូ និងទេយ្យវត្ថុមាន អង្ករ ១០០kg ទឹកបរិសុទ្ធ ២កេះ , ទឹកផ្លែឈើ ២កេះ មី ២កេះ, ទឹកត្រី ២យួ, ទឹកស៊ីអ៊ីវ ២យួ, ត្រីខ ២យួ និងបច្ច័យ ចំនួន ៤០ម៉ឺនរៀល និងយាយជីតាជី ចំនួន១០០នាក់ ក្នុងម្នាក់ ថវិកា ១ម៉ឺនរៀល៕