(កំពង់ធំ)៖ លោក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារចុះប្រគល់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល មួយខ្នងនៅឃុំកំពង់ស្វាយ ស្ថិតនៅភូមិទួលក្បិល ឃុំកំពង់ស្វាយ និងផ្ទះមួយខ្នងដល់មន្ត្រីនគរបាលមានជីវភាពខ្វះខាត ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ខេន ឈុនគ័រ បានលើកឡើងថា ដើម្បីជួយសម្រួលដល់មន្ត្រីនគរបាលដែលមានជីវភាពខ្វះខាត លោកបានធ្វើការអំពាវនាវដល់មន្ត្រី និងសប្បុរសជនឲ្យជួយសាង សង់ផ្ទះជូនលោក អ៊ុក សែត ជាមន្ត្រីនគរបាលដែលមានជីវភាពខ្វះខាតរស់នៅជាមួយកូន៧នាក់ ប្រពន្ធស្លាប់ចោលជាង១០ឆ្នាំមកហើយមានតែកូនផ្ទះតូចមួយ រស់នៅសង្ឃឹមតែប្រាក់ខែដើម្បីចិញ្ចឹមកូន។

ដោយមើលឃើញពិការលំបាកលោកក៏បានអំពាវនាវរកថវិកាសង់ផ្ទះតៀមជាប់ដីមានទំហំ៧ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីថ្មចាក់បេតុង ជញ្ជាំងនិងដំបូលស័ង្កសី ចំណាយ ថវិកាអស់ ១១,៩៤១,៥០០រៀល។ លោកក៏បានបញ្ជាក់ផងដែរថាក្រៅពីផ្តល់ផ្ទះនេះលោកតែងតែបានផ្តល់នូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាដើម្បីជួយ ដោះស្រាយដល់មន្ត្រីដែលមានជីវភាពខ្វះខាតនិងមានជម្ងឺផងដែរ។

ដោយឡែកសម្រាប់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ត្រូវបានប្រគល់ពេលនេះមានទំហំ ៩ម៉ែត្រ X ៤.៥០ម៉ែត្រ ធ្វើពីថ្មចាក់បេតុង ជញ្ជាំងថ្ម ដំបូលស័ង្កសី និងចាក់ដីខាងមុខ ដោយចំណាយថវិកាអស់២១,៨៤០,០០០រៀល។ លោកថាសម្រាប់ការសាងសង់ផ្ទះនិងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលនេះមិនមែនជាលើកទីមួយទេ គឺបានសាងសង់ផ្ទះចំនួន៣ខ្នងមកហើយ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៤ដងមកហើយដែរ។

ក្នុងឱកាសនេះផងដែរ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលក្នុងស្រុកកំពង់ស្វាយទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឲ្យបានគង់វង្ស ពិសេសខិតខំការពារសន្តិសុខសណ្តាប់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សទាន់ពេលវេលា៕