(បន្ទាយមានជ័យ)៖ បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្តាំស្រាប់ទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ នៅវេលាម៉ោង៨ព្រឹក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវ ២៦៨A ត្រង់ចំណុចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា មុនកើកហេតុនោះ មានគោយន្តកន្ត្រៃដែលមានអ្នកបើកឈ្មោះ ហ៊ាន ភឿយ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅនៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យពីត្បូងទៅជើង ពេលបើកដល់ចំណុចកើតហេតុ។

មានម៉ូតូម៉ាក MSX ពណ៌ត្រួយចេក ស្លាកលេខសៀមរាប 1AB-1396 ដែលមានអ្នកបើកឈ្មោះ សេង សុន អាយុ២១ឆ្នាំ រស់ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកច្រាសទិសគ្នាក្នុងល្បឿនលឿន ដោយសារបើកមិនប្រកាន់ស្តាំ ក៏ទៅបុកគោយន្តកន្ត្រៃពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ បាក់ភ្លៅខាងស្ដាំ។

ក្រោយពីកើតហេតុហើយ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ទៀតថា មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំ។ វត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃ ត្រូវបានយកមករក្សាទុកនៅប៉ុសិ៍រដ្ឋបាលប៉ោយចារ ស្រុកភ្នំស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕