(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងឲ្យចេញវីដេអូសុំទោសជាសាធារណៈ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូជេរប្រមាថ សមត្ថកិច្ចតាមបណ្តាញសង្គម TikTok។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន​ Fresh News នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះថា ​ស្ត្រីរូបនេះមាន​ឈ្មោះ ញ៉ កញ្ញា ដែល​បាន​ផុស​ជេរប្រមាថ​មើលងាយ​សម​ត្ថ​កិច្ច​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម TikTok។

លោកបានបញ្ជាក់ថា ស្ត្រីរូបនេះមានមុខរបរជាភ្នាក់ងារ​លក់​អចលនទ្រព្យ ដែលមាន​គណនី Tiktok ឈ្មោះ @kanhanour12 បាន​បង្ហោះ​វីដេអូ​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​ដល់​កិត្តិយស​មកលើ​សមត្ថកិច្ចតាម​ប្រព័ន្ធ​បណ្តាញ​សង្គម Tiktok។

លោកថា «ដោយមាន​ការសហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា យើងបានធ្វើ​ការកោះហៅ​ឈ្មោះ ញ៉ កញ្ញា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ។ ស្ត្រី​រូបនេះ​បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ហើយ​បានធ្វើ​កិច្ចសន្យា​សុំទោស និង​បាន​ថត​វីដេអូ​ធ្វើការ​សុំទោស​ជា​សារ​ធាណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរប្រមាថ​មកលើ​សមត្ថ​កិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់»