(ភ្នំពេញ)៖ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចាប់ដៃគូជាមួយអ្នកវិនិយោគកូរ៉េ ដើម្បីពង្រឹងការបណ្ដុះបណ្ដាលវិស័យកសិកម្មនៅកម្ពុជា។ ការចាប់ដៃគូរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនេះ គឺមានការសម្របសម្រួលពីក្រុមហ៊ុន ហង្ស សុធី។

ជាក់ស្ដែង នាពេលថ្មីៗនេះ លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានជួបជាមួយអ្នកវិនិយោគទុនកូរ៉េ ដើម្បីពិភាក្សា និងធ្វើកិច្ចសហការ អភិវឌ្ឍន៍ក្នុងវិស័យនេះ។

គោលបំណង នៃជំនួបនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា កូរ៉េ និងពង្រឹងសមត្ថភាពបច្ចេកទេសកសិកម្ម ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ជាពិសេសរួមគ្នាបង្កើតឱកាស វិនិយោគលើផ្នែកកសិកម្ម ការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងកែច្នៃជាផលិតផលពាក់កណ្តាលស្រេច និងផលិតផលសម្រេច សម្រាប់បំពេញតម្រូវការក្នុងស្រុក និងការនាំចេញ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងលើវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។

ភាគីកម្ពុជា មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការវិនិយោគទុនលើវិស័យកសិកម្មនៅកម្ពុជា ហើយកំណត់យកកម្ពុជា ជាតំបន់គោលដៅវិនិយោគ លើគ្រប់វិស័យ នឹងផ្តល់អាទិភាពជាចំបង ក្នុងវិស័យកសិកម្មនៅកម្ពុជា។ ចំណែកភាគីកូរ៉េ មានក្តីរំភើប និងបង្ហាញចេញនូវសមានចិត្តគោរពចង់បានភាពជាដៃគូ វិនិយោគយូរអង្វែងដ៏ស្មោះត្រង់ជាមួយសមាភាគីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។

ក្នុងជំនួបនោះ លោក ហង្ស សុធី នាយកក្រុមហ៊ុន ហង្ស សុធី បានប្រកាសពីការត្រៀមដីចំនួន៥០០ហិកតា សម្រាប់ការអភិវឌ្ឍក្នុងវិស័យកសិកម្មនៅកម្ពុជាជាមួយគម្រោងនេះផងដែរ។

ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការផ្តល់អាហារូបករណ៍ជូនដល់មន្ត្រីរាជការ និងនិស្សិតកសិកម្មកម្ពុជា ជាពិសេសវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្តល់ឱកាសឲ្យបន្តការសិក្សាជំនាញ បច្ចេកទេសកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការវេចខ្ចប់ និងការគ្រប់គ្រងការអភិវឌ្ឍន៍កសិកម្ម ក៏ដូចជាការធ្វើទស្សនកិច្ច សិក្សាផ្លាស់ប្តូរបទបទពិសោធន៍គ្នាទៅវិញទៅមករវាងសមភាគីកម្ពុជា និងកូរ៉េ៕