(ភ្នំពេញ)៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល បានទទួលយកសំណើពីអង្គការសង្គមស៉ីវិល ដែលសុំធ្វើវិសោធនកម្ម ចំនួន១៧មាត្រា ក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលសំណើនេះត្រូវបានទទួលយកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់លើ សំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានរួមរវាងក្រុមការងាររាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល បានឲ្យដឹងថា ផ្អែកលើលទ្ធផល នៃវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៉ីវិល លើកទី៣ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងមក តំណាងអង្គការសង្គមស៉ីវិលប្រមាណ៥០០ បានស្នើសុំឲ្យរាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ផ្អែកលើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៉ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៉ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផល ក្នុងការលើកសំណើរធ្វើវិសោធនកម្មច្បាប់នេះ ដោយបានចាប់ផ្ដើម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាកិច្ចប្រជុំលើកទី៦ និងជាលើកចុងក្រោយផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំកន្លងមក ក៏ដូចជានាថ្ងៃនេះ ក្រុមការងារបានពិភាក្សា និងពិគ្រោះយោបល់លើ មាត្រាចំនួន១៧ រូមមាន៖ មាត្រា១, មាត្រា៣, មាត្រា៤, មាត្រា៧, មាត្រា៨, មាត្រា៩, មាត្រា១០, មាត្រា១១, មាត្រា២០, មាត្រា២៤, មាត្រា២៥, មាត្រា២៦, មាត្រា២៧, មាត្រា៣០, មាត្រា៣១, មាត្រា៣២ និងមាត្រា៣៥។

ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថានឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់បន្ដទៀតជាមួយតំណាងអង្គការសង្គមស៉ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល ដើម្បីពង្រឹងពង្រីក ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕