(ពោធិ៍សាត់)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង នៅវេលាម៉ោង០១៖២១នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន០១លើក នៅចំណុចផ្ទឈ្មោះ ឡូញ វ៉ុន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិក្ដីឈ្នួន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ិល ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន។ ទី២ ឈ្មោះ ភិន ភារៈ ហៅទិ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។ និងទី៣ ឈ្មោះ ឈ្នាន់ សុផារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។

សេចក្តីរាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន១៦កញ្ចប់ ទម្ងន់ ១១.៣៨ក្រាមថ្លឹងទាំងថង់, កំប៉ុងដាក់ថ្នាំញៀន០១, ប្រដាប់ជក់មួយកំប្លេរ, កូនថង់រំលែកថ្នាំញៀន០៣, ទូរស័ព្ទ០៣គ្រឿង, បារីលុចសារី០១កញ្ចប់, កូនកាបូបដាក់ថ្នាំញៀន០១, ដែកកេះ០១, កន្ត្រៃ០១ និងកូនកាបូបដៃ០១ មានលុយ៣៣,០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕