(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរលើបញ្ហរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំនោះលោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានដាស់តឿនដល់មន្ត្រីរាជការក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេលដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។

លោក ជា អឿង បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២០ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២០។

លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះស្រាយនិងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។

លោកបន្តថាដំណាក់កាលនេះជាពេលដែលត្រូវវះកាត់រាល់ជនខិលខូចទាំងឡាយណា ដែលឃុបឃិតគ្នាយកដីរដ្ឋនិងដីប្រជាពលរដ្ឋើយប្រើកល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោសហើយនឹងឈានដល់ដកហូតមុខតំណែងនិងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង។

លោកបន្ថែមថា ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ជាពិសេសអ្នកអនុវត្តផ្ទាល់នៅតាមភូមិឃុំសង្កាត់ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានច្បាស់លាស់ក្នុងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងចាត់វិធានការក្តៅ និងមានមិនមានការលើកលែងឡើយ ចំពោះមន្ត្រីមូលដ្ឋានក៏ដូចជាថ្នាក់ដឹកនាំភូមិឃុំ ដែលបន្លំឃុបឃិតដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដក្នុងគោលបំណងទទួលបានសាច់ប្រាក់ឧបត្ថម្ភ ពីកម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ។

លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ។

លោកបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង៕