(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ក្រសួងផែនការ នឹងបើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។

អ្នកនាំពាក្យក្រសួងផែនការ បានឲ្យដឹងថា កិច្ចប្រជុំនេះក៏នឹងពិនិត្យមើលភាពមិនប្រក្រតីនៃការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ ការដាក់ចេញនូវវិធានការណ៍មួយចំនួន ដូចជា៖

* ផ្តល់បណ្ណសមធម៌ជូនដល់គ្រួសារក្រីក្រពិតប្រាកដតែប៉ុណ្ណោះ ដោយមិនរើសអើង ស្របតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរ

* ណែនាំបន្ថែមដល់មន្ទីរផែនការរាជធានីខេត្ត ដើម្បីឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ

* ករណីក្រុមប្រឹក្សាឃុំ សង្កាត់ជួបនូវបញ្ហាមិនប្រក្រតីណាមួយ ដែលមិនអាចដោះស្រាយបាន ត្រូវទំនាក់ទំនងសហការជាមួយមន្ទីរផែនការរាជធានីខេត្ត ដើម្បីដោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះដែរ ក្រសួងផែនការនឹងចូលរួមពិនិត្យដោះស្រាយទៅលើភាពមិនប្រក្រតីទាំងនោះ ហើយអាចធ្វើការបង្ខាំងបណ្ណសមធម៌របស់គ្រួសារដែលមានជីវភាពប្រសើរ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រមិនឲ្យប្រើបាន។

ក្រសួងផែនការ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត មិនគិតថ្ងៃឈប់សម្រាក របស់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស ដែលបានចូលរួមសហការយ៉ាងជិតស្និតជាមួយមន្ទីរផែនការរាជធានី ខេត្ត ក្នុងយុទ្ធនាការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងជុំ ក៏ដូចជាតាមការស្នើសុំ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ជាពិសេសស្របតាមនីតិវិធីនៃការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ បានដកហូតបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើង និងបានដោះស្រាយភាពមិនប្រក្រតីកន្លងមក។ ទន្ទឹមនឹងនេះ ក៏នៅមានឃុំ សង្កាត់មួយចំនួនមិនទាន់បានអនុវត្តពេញលេញនៅឡើយដែរ។

ក្រសួងផែនការ សង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួមសហការជាមួយគ្នាបន្ថែមទៀត ឲ្យទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ ស្របតាមការផ្តល់សេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលចំពោះយើងទាំងអស់គ្នា ដើម្បីឲ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩នេះ បានសម្រេចជោគជ័យ៕