(កំពង់ឆ្នាំង)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននិមន្តជាព្រះរាជាធិបតីភាពក្នុង ពិធីប្រគេនប្រកាសនីយបត្រតែងតាំងព្រះចៅអធិការវត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តចំនួន២ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានការនិមន្តចូលរួមពីព្រះមេគុណខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង រួមទាំងមានព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាច្រេីនអង្គនាក់ផងដែរ។

យោងតាមប្រកាសនីបត្រទី១៖ តែងតាំងភិក្ខុ ម៉ុច សៅលី ជាព្រះចៅអធិកាវត្តសម្តេចនន្ទង៉ែត សែនជ័យ សត្ថា រាម នៅឃុំប្រស្នឹប និង ជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងទី២៖ តែងតាំងភិក្ខុ នាង ភារុណ ជាព្រះគ្រូចៅអធិការវត្តបល្ល័ង្ករង្សី នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិយសឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះរាជបន្ទូលថា ការប្រកាសនីយបត្រតែងតាំងព្រះចៅអធិកាវត្ត និងទីប្រឹក្សានាពេលនេះគឺ ដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងដឹកនាំផ្នែកពុទ្ធសាសនា ដើម្បីដឹកនាំកសាងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ថ្កុំថ្កើន រុងរឿង ថែមទៀត ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិយសឧទ្ទេសបណ្ឌិតមានព្រះរាជបន្ទូលបន្តថា វត្តអារាមជាទីជំរកអប់រំចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជនដែលជាទំពាំងស្នងឬសី្ស និងជាឱកាសល្អ ក្នុងការរួបរួមគ្នា ដើមី្បថែរក្សា ការពារសុខសន្តិភាព សេចក្តីសុខសាន្តសង្គមជាតិដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ចរិយាធម៌សេចក្តីថ្នៃថ្នូរសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម ។

សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិយសឧទ្ទេសបណ្ឌិតមាន ព្រះរាជបន្ទូល បន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ព្រមទាំងមានកា រឯកភាពផ្ទៃក្នុងលះបង់អំពើអបាយមុខហើយត្រូវចាំថាបែកបាក់សាមគ្គីគឺស្លាប់ និងត្រូវខិតខំបំពេញតួនាទីភារកិច្ចជាមួយពុទ្ធបរិស័ទដើម្បីដឹកនាំវិស័យ ព្រះពុទ្ធសាសនា ឱ្យរីកចម្រើនតទៅមុខទៀត ។

ជាមួយគ្នានោះ លោកស្រី ប៊ន សុភី ក៏បានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបាន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពមានការីកចម្រើនជាបន្តបន្ទាប់ ។ ដោយឡែក ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ លោក ឈួរ ច័ន្ទឌឿន នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យខេត្តមួយនេះមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំង ពុទ្ធចក្រ និង អាណាចក្រផងដែរ។

គួរបញ្ជាក់ថានៅក្នុងឱកាសនោះសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ក៏បានប្រទានព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋជាចាស់ជរាគ្មានទីពឹង ស្រ្តីក្រី ក្រជាច្រេីនគ្រួសារផងដែរ៕