(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាជនជាតិខ្មែរ ដែលសង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម រក្សាទុក និងប្រើប្រាស់អាវុធ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០០នាទី ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AY-៥៥៦០ និងមានកាំភ្លើងខ្លី ០១ ដើម(ជ័រ) នៅក្នុងកែបម៉ូតូ។

ឃើញបែបនេះ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានពិនិត្យឃើញថា ម៉ូតូដែលជនសង្ស័យជិះនោះ បែកគ្រាប់សោរ «ក» ម៉ូតូ ទៀតផង រួចក៏សមត្ថកិច្ចនាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត។

សមត្ថកិច្ច ចាប់បានវត្ថុតាង រួមមាន៖ ម៉ូតូ ០១ គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AY-៥៥៦០ និងកាំភ្លើងខ្លី ០១ ដើម (ជ័រ)៕