(សៀមរាប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីបួងសួងនៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គមួយពាន់ ដែលមានទីតាំងស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប។

ក្នុងពិធីបួងសួងបានរៀបចំ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់អភិបាលខេត្តសៀមរាប លោក ទៀ សីហា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ក្នុងពិធីនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថែមទាំងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ជាចុងក្រោយលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់អ្នកចូលរួមក្នុងកម្មវិធីទាំង ជាង ៥០០នាក់ ដោយម្នាក់ៗទទួលបាននូវ ក្រម៉ា១ ក្រណាត់ស និងថវិកា ៣ម៉ឺនរៀលផងដែរ៕