(រតនគិរី)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី បាននាំយកទេយ្យទាន និងបច្ច័យរួមទាំងសម្ភារផ្សេងៗទៀត ប្រគេនដល់ព្រះសង្ឃគង់នៅវត្តរតនរស្សី (ស្រុកបរកែវ) និងវត្តសិលាសុវណ្ណគង្គា (ស្រុកអណ្តូងមាស) សម្រាប់ផ្គត់ផ្គង់ព្រះភិក្ខុ សង្ឃក្នុងរដូវចូលព្រះវស្សាចូលមកដល់នាថ្ងៃទី៦ ខែកក្កដាស្អែកនេះ។

ពិធីខាងលើប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជានិង ជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរនគិរី និងលោក សុខ រដ្ឋា អនុប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី។

លោក សាយ សាមាន បានលើកឡើងថា ដោយមានទឹកចិត្តសទ្ធាជ្រះថ្លាចំពោះវិស័យព្រះពុទ្ធសាសនា លោកបាននាំមកនូវទេយ្យទាន និងបច្ច័យសម្រាប់បុណ្យចូលព្រះវស្សានេះ។

លោកបន្តថា ទេយ្យទាននិងបច្ច័យនាំមកប្រគេនវត្តទាំង២ខាងលើនេះ បានមកពីការចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួនរបស់យុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ដោយក្នុងមួយវត្តៗទទួលបានមី២កេសតូច, ត្រីខ២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី៣យួរ, ប្រេងឆា១ដប, ទឹកសុទ្ធ១០យួរ, អង្ករ១បេ, ទានវស្សា១គូ, និងបច្ច័យ៦៥០,០០០រៀល។

បន្ថែមលើនេះលោក សាយ សាមាន ក៏បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជន ដែលបានដឹកនាំប្រទេសជាតិមានសន្តិភាព៕