(ភ្នំពេញ)៖ នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃនៃគ្រប់អាជីវកម្មទាំងអស់ ទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម ភាគច្រើនតែងតែដើរទន្ទឹមគ្នា មានន័យថា រាល់អាជីវកម្មគ្រប់ប្រភេទអាចទទួលបានទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម។ ចំពោះទ្រព្យអកម្ម ដែលក្នុងន័យសាមញ្ញថាជាបំណុលនោះ ទាំងម្ចាស់បំណុល និងកូនបំណុលតែងតែជ្រើសរើសយកវិធីមួយ ដើម្បីជៀសវាងនូវរាល់ហានិភ័យនានា ដែលអាចកើតមានឡើង នោះគឺ ការដាក់ធានាបំណុល។

ជាក់ស្ដែងការដាក់ធានាបំណុលនេះដែរ ត្រូវបានគេមើលឃើញក្នុងរូបភាពពីរគឺ ការធានាបំណុលដោយទ្រព្យ (ចលនវត្ថុ និងអចលនវត្ថុ) និងការធានាដោយបុគ្គល ។ អត្ថបទនេះ យើងខ្ញុំបង្ហាញថាតើ អ្វីទៅជាការធានាបំណុលដោយបុគ្គល ? តើវាមានលក្ខខណ្ឌ ក៏ដូចជាអានុភាពបែបណាខ្លះ ?

ដើម្បីឲ្យកាន់តែច្បាស់ ក្នុងថ្ងៃនេះ អង្គភាពសារព័ត៌មាន Fresh News បានសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកនូវប្រធានបទមួយស្ដីអំពី «ការធានាដោយបុគ្គល» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖

ការធានាបំណុលត្រូវបានបញ្ញត្តិ នៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដោយបែងចែកជាពីរគឺ ការធានាដោយបុគ្គល និងការធានាដោយទ្រព្យ។ ចំពោះការធានាបំណុលដោយបុគ្គល គឺជាលក្ខខណ្ឌដែលបុគ្គលណាមួយ មានបំណងធ្វើការធានាបំណុលរបស់កូនបំណុល ដោយការស្ម័គ្រចិត្តរបស់បុគ្គលនោះ ពោលគឺមានន័យថា បុគ្គលទី៣ណាមួយជាអ្នកចេញមុខធានា ចំពោះម្ចាស់បំណុលថានឹងសងបំណុល ជំនួសកូនបំណុល ក្នុងករណីកូនបំណុលមិនសង។

ជាទូទៅការធានាដោយបុគ្គល គឺជាទម្រង់នៃកិច្ចសន្យាមួយប្រភេទ ដែលបង្កើតឡើងរវាងអ្នកធានា និងម្ចាស់បំណុល ក្នុងការចងភ្ជាប់កាតព្វកិច្ចអ្នកធានា ដើម្បីធានាលើការទូទាត់សងបំណុលវិញ។ ចំណុចនេះត្រូវបានបញ្ញត្តិក្នុងក្រមរដ្ឋប្បវេណីមាត្រា៩០០ថា៖ «កិច្ចសន្យាធានាត្រូវបានបង្កើតឡើង ដោយសារបុគ្គលដែលមានបំណងធ្វើជាអ្នកធានា បានសន្យាជាមួយនឹងម្ចាស់បំណុលថា ខ្លួននឹងអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បង នៅក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចចម្បងនោះពុំអនុវត្តកាតព្វកិច្ចរបស់ខ្លួន ហើយម្ចាស់បំណុលបានយល់ព្រមអំពីការសន្យានោះ»ចំណុចនេះមានន័យរួមថា៖ ក្នុងករណីដែលកូនបំណុលអលទ្ធភាពក្នុងការសងបំណុល ឬពុំអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការសងបំណុលទៅម្ចាស់បំណុលវិញ នោះអ្នកធានាត្រូវមានកាតព្វកិច្ចសងបំណុលនោះជំនួសកូនបំណុល។

ប៉ុន្តែចំណុចបែបនេះហាក់បីដូចជាបន្ទុកមួយដ៏ធ្ងន់ចំពោះអ្នកធានា ក្នុងការធានាកាតព្វកិច្ចលើបំណុលជំនួសកូនបំណុល ហេតុនេះហើយទើបក្រមរដ្ឋប្បវេណីមាត្រា ៩០០ វាក្យខណ្ឌទី២ កថាខណ្ឌទី២ បានចែងទៀតថា៖ «... ប៉ុន្តែ កាតព្វកិច្ចនៃការសន្យាពិសេសដែលធានាការខូចខាត អាចកើតបាន លុះត្រាតែអ្នកដែលទទួលបន្ទុកកាតព្វកិច្ចនៃការសន្យាពិសេសដែលធានាការខូចខាតនោះ មានអាជីវកម្មរបស់ខ្លួន ជាការធានាការខូចខាត ឬការធានា»

មានន័យថា ក្រមរដ្ឋប្បវេណីបានបញ្ញត្តិ ដើម្បីការពារដល់អ្នកធានា ព្រោះថាបើគិតលើស្ថានភាពជាក់ស្ដែង ការធានាបែបនេះគឺពិតជាផ្ដល់បន្ទុកដល់អ្នកធានាពិតមែន ហេតុនេះទើបក្រមរដ្ឋប្បវេណី បានបញ្ញត្តិបន្ថែមទៀតថា ការបង្កើតកិច្ចសន្យាធានាបែបនេះអាចធ្វើឡើងបានលុះត្រាតែ អ្នកធានាកាតព្វកិច្ចធានាការខូចខាតនោះ មានអាជីវកម្មរបស់ខ្លួនជាការធានា។

ម៉្យាងវិញទៀតទោះបីជាអ្នកធានាកាតព្វកិច្ចធានាការខូចខាតនោះ មិនមានប្រកបអាជីវកម្មអ្វីសោះ ហើយបានបង្កើតកិច្ចសន្យាធានាការខូចខាតខាងលើក៏ដោយ ក៏មិនអាចមានអានុភាពក្នុងការអនុវត្តដែរ។ ក្នុងករណីដែលកិច្ចសន្យាធានាត្រូវបានបង្កើតឡើងហើយ នោះអ្នកធានាត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការធានាកាតព្វកិច្ចលើបំណុល។

ជាគោលការណ៍ទំហំនៃកាតព្វកិច្ចធានាត្រូវបានកំណត់រួចជាស្រេចហើយតាមរយៈឆន្ទៈរបស់អ្នកធានា និងម្ចាស់បំណុល ដែលជាភាគីនៃកិច្ចសន្យាធានា។ ប៉ុន្តែប្រសិនបើមិនមានការសន្យាគ្នា ជាមុននោះទេទំហំនៃកាតព្វកិច្ចធានាត្រូវបានកំណត់ក្នុងកម្រិតនៃប្រាក់ដើមដែលកូនបំណុលត្រូវទទួលបន្ទុក ព្រមទាំងកាតព្វកិច្ចបន្ទាប់បន្សំទៀតដូចជា ការប្រាក់ ប្រាក់ធានាការអនុវត្តកាតព្វកិច្ច ឬសំណងនៃការខូចខាតជាដើម តែត្រូវតែក្នុងកម្រិតមួយដែលមិនអាចធ្ងន់ធ្ងរជាងកូនបំណុលជាដាច់ខាត។

ការធានានេះស្រដៀងទៅនិងសិទ្ធិប្រាតិភោគប្រត្យក្សដូចជា ហ៊ីប៉ូតែក ប៉ុន្តែមានផ្នែកមួយចំនួនខុសគ្នា ពោលគឺ ហ៊ីប៉ូតែក ប្រាតិភោគដោយអនុប្បទាន ឬសិទ្ធិលើការបញ្ចាំ អ្វីដែលត្រូវធានា គឺជាតម្លៃជាក់លាក់ណាមួយ ចំណែកឯការធានាវិញ គឺធានាជាមួយនឹងទ្រព្យរបស់ខ្លួន នៅក្នុងចំនួនទឹកប្រាក់ដែលបានធានា។

សរុបមក ការធានាដោយបុគ្គល គឺជាទម្រង់នៃការសន្យាពិសេសមួយ ដែលក្នុងនោះ អ្នកធានាត្រូវមានកាតព្វកិច្ចធានា ក្នុងការទូទាត់បំណុលជំនួសកូនបំណុល ជាមួយម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនមានលទ្ធភាពទូទាត់បំណុល ឬមិនអាចអនុវត្តបាននូវកាតព្វកិច្ចលើបំណុលរបស់ខ្លួន។ ប៉ុន្តែក្រមរដ្ឋប្បវេណី ក៏បានចែងនូវបញ្ញត្តិពិសេសមួយចំនួនផងដែរ ក្នុងគោលបំណងការពារអ្នកធានា ពីការទទួលបន្ទុកលើកាតព្វកិច្ចដ៏ធ្ងន់ធ្ងរនេះ។

រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕