(សៀមរាប)៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន១០វត្ត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងកំឡុងដែលព្រះសង្ឃ ចូលព្រះវស្សា។

លោក ង៉ាន់ ភិរុណ បានថ្លែងក្នុងពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុ នាឱកាសនោះថា នៅកម្ពុជាយើង វិស័យអាណាចក្រ និងពុទ្ឋចក្រ តែងតែដើរទន្ទឹមគ្នា ពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន ព្រោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ឋសាសនា ជាសាសនារបស់រដ្ឋ។

លោកបានបញ្ជាក់ថា វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋ ដែលជាពុទ្ឋបរិស័ទ មានឱកាសប្រកបកិច្ចការ រកស៊ីចិញ្ចឹមជីវិតបានរីកចម្រើន ហើយពួកគាត់មានឱកាសក្នុងការធ្វើបុណ្យទានផ្សេងៗ ទៅតាមគន្លងប្រពៃណីសាសនា។

លោកបន្ថែមថា ក្នុងរយៈពេល ៣ខែ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ទី ១៥កើត ខែអស្សុជ នៃការកាន់ព្រះវស្សារបស់ព្រះសង្ឃនាពេលនេះ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី បានប្រគេននូវទេយ្យវត្ថុ ដល់វត្តអារាម ចំនួន១០ រួមមាន៖ វត្តបន្ទាយស្រី, វត្តត្បែង, វត្តធ្លកវារ៍, វត្តសសី, វត្តជប់ពពេល, វត្តម្រាក្សវារ៍, វត្តស្រះដូនរីក, អាស្រមវត្តភ្នំហប់, អាស្រមវត្តព្រៃជាំ, និងអាស្រមពើងព្រួត។

ក្នុងមួយវត្តអារាមទទួលបាន ទៀនបំភ្លឺព្រះវស្សា ១គូ, សាដក១, ទឹកផ្លែឈើ ២កេស, ទឹកដោះគោខាប់ ១កេស, ទឹកបរិសុទ្ធ ១០យួរ, ត្រីខ ១កេស, មី ១កេសធំ, អង្ករ ២ការ៉ុង, ប៊ីចេង ២គីឡូក្រាម, ប្រហុក ៥គីឡូក្រាម, ទឹកស៉ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, ស្ករស ៥គីឡូក្រាម, តែ ១កញ្ចប់, ប្រេងម៉ាស៊ូត ៣០លីត្រ, និងបច្ច័យសម្រាប់ ៩វត្ត ក្នុងមួយវត្តៗចំនួន ៨សែន ៦ម៉ឺនរៀល។ ដោយឡែកវត្តបន្ទាយស្រី ទទួលបានបច្ច័យចំនួន ១លាន ២សែនរៀល និងជូនថវិកាដល់គណកម្មការអាចារ្យចំនួន ៦នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងជូនថវិកាលោកតា លោកយាយជី ចំនួន ៩៤នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល និងឧបត្ថម្ភដល់ក្រុមឆៃយ៉ាំចំនួន ២០ម៉ឺនរៀល ផងដែរ៕