(កំពត)៖ ក្រោយមានប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិស្តុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត បង្ហោះសារសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ដោយចោទអាជ្ញាធរខេត្តកំពត និងអគ្គិសនីកម្ពុជា បំផ្លាញដើមអាកាស្យារបស់ខ្លួននោះ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា បានចេញមកពន្យល់ករណីកាប់ដើមអាកាស្យានេះ ធ្វើឡើងដើម្បីការពារគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋ និងកុំឲ្យប៉ះពាល់ដល់ការបញ្ជូនអគ្គិសនី។ 

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ពីស្រុកឈូកនៅស្រុកដងទង់ ខេត្តកំពត ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៣ និងខែមេសា ឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់ជូនប្រជាជនពលរដ្ឋនៅតំបន់នោះ ក៏ដូចជាផ្គត់ផ្គង់ដល់រោងចក្រស៊ីម៉ង់ត៍ចំនួនពីរកន្លែង គឺរោងចក្រ ខេ-ស៊ីម៉ង់ត៍ និងរោងចក្រ ជីបម៉ុង ដែលរោងចក្រនិមួយៗ មានសម្ថភាពផលិតបានប្រមាណ២លានតោនក្នុងមួយឆ្នាំ ដើម្បីបំរើការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងផ្តល់ការងារជូនយុវជនយុវនារីរាប់ពាន់នាក់។

អគ្គិសនីកម្ពុជាបន្ថែមថា ចំពោះម្ចាស់ចំការលោក មាស សេរី និងលោកស្រី សេង ធី ដែលបានដាំដើមអាកាស្យា ក្រោយពេលដែលខ្សែបញ្ជូននេះ ដាក់ឲ្យដំណើរការ (ដែលពេលនោះជាដីស្រែនៅឡើយ) ទោះបីជាមានការណែនាំពីជំនាញរបស់អគ្គិសនីកម្ពុជា អំពីសុវត្ថិភាពក៏ដោយ។

អគ្គិសនីកម្ពុជា បានធ្វើការសម្របសម្រួលជាមួយម្ចាស់ដីជាច្រើនលើកច្រើនសារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តាំងតែពីដំបូង ដើម្បីកុំឲ្យគាត់ដាំដើមឈើខ្ពស់ក្រោមខ្សែគន្លង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់គាត់ក៏ដូចជាធ្វើឲ្យមានការរអាក់រអួល ដល់ការផ្គត់ផ្គង់ជាពិសេសរំខាន ដល់តំបន់ឧស្សាហកម្មស៊ីម៉ង់ត៍ដែលខឿនដ៏សំខាន់របស់សេដ្ឋកិច្ចជាតិ។ ពួកគាត់អាចដាំដំណាំដែលមានកំពស់ត្រឹម ៣ទៅ៤ម៉ែត្រ ក្រោមខ្សែបណ្តាញបាន ហើយក្រៅពីក្រោមគន្លងខ្សែគាត់អាចដាំបានខ្ពស់ ប៉ុន្តែគាត់ពុំស្តាប់ឡើយ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ការកាប់សម្អាតដើមអាកាស្យានេះ គឺស្ថិតនៅក្រោមគន្លងដែលមានដើមឈើអាចប៉ះពាល់ខ្សែបញ្ជូនពេលមានខ្យលបក់ ប្រមាណ២០០ដើមប៉ុណ្ណោះ គឺមិនមែនជាង២០០០០ដើមដូចការលើកឡើងរបស់គាត់ទេ៕

ក្រោយមកម្ចាស់ដីបានដាំដើមអាកាស្យា ហើយធំខ្ពស់អាចប៉ះដល់ខ្សែបញ្ជូន ធ្វើអោយរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជាគ្រោះថ្នាក់ដល់អាយុជីវិតម្ចាស់ដីជាយថាហេតុ ដែលតំរូវអគ្គិសនីកម្ពុជាធ្វើការកាប់សំអាត អស់ប្រមាណជាង២០០ដើម

នៅពេលសាងសង់បណ្តាញបញ្ជូន 115kV ទីតាំងដីក្រោមគន្លងនេះជាដីស្រែ និងពុំមានដីឈើទេ