(ពោធិ៍សាត់)៖ លោកស្រី មាន សំអាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមបណ្តាវត្តអត្តខាត់ ចំនួន០៧វត្ត។

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ត្រូវបានធ្វើឡើងជារួមនៅបូជនីយដ្ឋាន លោកញឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

វត្តទាំងរួម៧នេះរួមមាន៖ វត្តអំពួច, វត្តពន្លាជ័យ, វត្តស្រះរំដេញ, វត្តជង្រុក, វត្តបឹងត្នោត, វត្តសន្ទ្រែ និងវត្តដីក្រហម ដោយក្នុងមួយវត្ត ទៀនព្រះវស្សា០២គូរ, អង្ករ៥០គីឡូក្រាម, មី០៧កេស, ត្រីខ០១កេសធំ, ប្រេងឆា០៥លីត្រ, តែ០៥គីឡូក្រាម, ស្ករស០៥គីឡូក្រាម, ត្រីងៀត០៥គីឡូក្រាម, ទឹកបរិសុទ្ធ០៤កេស, ទឹកក្រូច០៤កេស និងបច្ច័យ៣១ម៉ឺនរៀល។

លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានជម្រាបជូនថា ជារៀងរាល់ឆ្នាំ គឺឱ្យតែចូលមកដល់បុណ្យ ចូលព្រះវស្សា ទាំងថ្នាក់ដឹកនាំ ទាំងអាជីវករ និងបងប្អូនសប្បុរសជន ទាំងក្នុងខេត្តនិងក្រៅខេត្ត ដែលមានជំនឿលើបារមី លោកឧកញ៉ា ឃ្លាំង មឿង តែងតែនាំមកនូវថវិកា ទៀនព្រះវស្សា និងគ្រឿងបរិក្ខា មកថ្វាយដល់លោកឧកញ៉ាយ៉ាងសន្លឹកសន្ធាប់មិនដែលខកខានឡើយ។

ជាក់ស្តែងឆ្នាំនេះលោក ម៉ៅ ធនិន និងដោយបានការចូលរួមពីសំណាក់ លោកស្រី មាន សំអាន ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀត មានសន្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទៀនវស្សា និងសម្ភារបរិក្ខាយ៉ាងច្រើន សម្រាប់បុណ្យចូលព្រះវស្សា នៅក្នុងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។

លោកស្រីបានលើកឡើងថា ដោយសារទៀនព្រះវស្សា និងបរិក្ខានៅទីនេះមានច្រើនប្រើប្រាស់មិនអស់ ទើបគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន បានសុំការអនុញ្ញាតិពីលោកអភិបាលខេត្ត ក៏ដូចជាម្ចាស់ដើមទៀន និងប្រធានដើមបុណ្យ ជ្រើសរើសយកវត្តអារាមចំនួន០៧ ដែលមើលឃើញថាអត្តខាត់ជាងគេ ហើយនៅចុងកាត់មាត់ញក ធ្វើពិធីប្រគេនជារួមតែម្តង។

ក្នុងនាមគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន និងជំនួសមុខឱ្យព្រះសង្ឃទាំង០៧វត្ត លោកស្រី ម៉ែន ផល្លី សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ម៉ៅ ធនិន និងលោកស្រី មាន សំអាន ព្រមទាំងសប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា មកចូលក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។

លោកស្រីបានជម្រាបជូនផងដែរថា បុណ្យចូលព្រះវស្សា គឺជាពេលវេលាមួយ ដែលព្រះសង្ឃគ្រប់វត្ត គង់ចាំព្រះវស្សាអស់រយៈពេល៣ខែ គឺមិននិមន្តត្រាច់ចរនោះឡើយ បើមិនដូច្នោះទេ គឺមិនអាចទទួលការក្រាលគ្រងអង្គកឋិនទានបានឡើយ។ ហេតុនេះហើយបានជាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ តែងតែរួបរួមសាមគ្គីគ្នា បង្កើតឱ្យមានទៀនព្រះវស្សា និងគ្រឿងបរិក្ខានេះឡើង ដើម្បីចូលរួមជួយទំនុកបម្រង ដល់ព្រះសង្ឃរហូតដល់ចេញព្រះវស្សាវិញ។

លោកស្រី ម៉ែន ផល្លី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ពីបញ្ហាផ្ទុះ នៃជំងឺគ្រុនឈាម ដែលអាចសម្លាប់កុមារ និងមនុស្សចាស់បាន ហេតុនេះសូមបងប្អូនទាំងអស់ សម្អាតបរិស្ថាន និងលុបថ្លុក ប្រមូល ឬកប់វត្ថុដែលអាចដក់ទឹកបាន និងត្រូវដាក់ថ្នាំអាល់ប៊ែតចូលពាងទឹក ការពារកុំឱ្យកើតមូល ដែលជាដើមចម នៃការកើតជំងឺគ្រុនឈាម៕