(ព្រៃវែង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងសហការី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះមកពិនិត្យ កសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ព្រមជាមួយនឹងការពិនិត្យមើលការចិញ្ចឹម លោក សៀង ឈឿន បានអធិប្បាយជូនលោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត ពីប្រវត្តិនៃការចាប់ ផ្តើមចិញ្ចឹមដំណើរការចិញ្ចឹម និងប្រាក់ចំណូល។

បច្ចុប្បន្នកសិដ្ឋាន មានកង្កែបញី៥០០ និងឈ្មោល៤០០ ទុកសម្រាប់បង្កាត់យកកូនលក់ ២៥០០រៀល ក្នុងមួយគីឡូក្រាម ក្រៅពីកង្កែប មានមាន់ខ្មៅ និងចិញ្ចឹមត្រីអណ្តែង ក្នុងរណ្តៅក្រាលតង់កៅស៊ូ ចិញ្ចឹមមាន់ពីលើ និងចិញ្ចឹមកង្កែប ក្នុងកង់រថយន្តនៅជុំវិញរណ្តៅ ធ្វើរបៀបនេះ គឺដើម្បីកាត់បន្ថយចំណីត្រី ព្រោះត្រីស៊ីលាមកមាន់ និងរក្សាក្សេត្របរិស្ថានរវាងត្រី និងកង្កែបដែលរស់នៅជិតគ្នា។

និយាយអំពីចំណូលទទួលបាន១២០០ ដល់១៥០០ដុល្លារ ក្នុង១ខែ។ បច្ចុប្បន្ន មានអតិថិជនមកទាក់ទង់ទិញកូនមាន់ខ្មៅ និងពូជកង្កែបយ៉ាងច្រើន ដែលលើសពីសមត្ថភាពផលិតរបស់គាត់ តែទោះជាយ៉ាងណាលោក ឈឿង ថា នឹងខិតខំពង្រីកអាជីវកម្មផលិតពូជកង្កែប និងមាន់ខ្មៅនេះ ឲ្យបានច្រើនតាមសំណូមពររបស់អតិថិជន។

និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះជោគជ័យរបស់លោក សៀង ឈឿង និងគ្រួសារទទួលបាននាពេលនេះ លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត បានកោតសរសើរ ចំពោះការប្រកាន់យកអាជីពចិញ្ចឹមកង្កែប ជំនួសការធ្វើស្រែ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មកង្កែបផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលផលិតកម្មកង្កែបធម្មជាតិ បានធ្លាក់ចុះគួរឲ្យគត់សម្គាល់ និងជាពិសេសស្របពេល ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយប្រែក្លាយវិបត្តិនេះ ទៅជាឱកាសមាសពង្រីក និងពង្រឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈការចិញ្ចឹមកង្កែមនេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ការចូលរួមពីប្រជាកសិករក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលបច្ចុប្បន្ន គឺជាចលករជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈម ម៉្យាងវិញទៀត វានឹងជួយលើកស្រួយសេដ្ឋកិច្ចគ្រួសារ ប្រកបដោយចីរភាព និងនិរន្តរភាពភាព ឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ខាងមុខ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីប្រាថ្នាចង់បាន។

លោករដ្ឋមន្ត្រី វេង សាខុន សុំឲ្យមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ព្រៃវែង បន្តជួយការងារបច្ចេកទេស បន្ថែមទាំងចិញ្ចឹមកង្កែប និងមាន់ ធ្វើយ៉ាងណាឲ្យអាជីពនេះ មាននិរន្តរភាព៕