(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល តំណាងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណអភិបាលខណ្ឌកំបូល លោក ម៉ម ម៉ាលី ប្រធានលេខាធិការដ្ឋានគណចលនាសហជីពរាជធានីភ្នំពេញ និងក្រុម សង្គោះបន្ទាន់ ៧១១ បានដឹកនាំក្រុមជំនាញ NACC Team Against COVID-19 ចុះធ្វើយុទ្ឋនាការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគទប់ស្កាត់ ការរីករាលដាលជំងឺកូវីត -១៩ នៅតាមបន្ទប់នៃផ្ទះជួលរបស់កម្មករបានចំនួនជាង៥០០០បន្ទប់ និង នៅអគាររដ្ឋបាលសាលាសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល បានអំពាវនាវដល់បងប្អូនកម្មករ កម្មការនី តាមបន្ទប់ជួល ត្រូវចេះអនាម័យជាប្រចាំ និងចូលរួមគោរពតាម ការណែនាំ របស់ក្រសួង ជំនាញនិងសមត្ថកិច្ចវអាជ្ញាធរដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីតដ៏សាហាវនេះ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងក្រុម សង្គ្រោះបន្ទាន់៧១១ ដែលបានសហការចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅខណ្ឌកំបូលនាពេលនេះ។

លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានថ្លែងនៅចំពោះមុខកម្មករនិងប្រជាពលរដ្ឋនៅប្កុកផ្ទះជួលថា ដោយមើលឃើញពីបញ្ហាប្រឈម ចំពោះមុខអំពីការរីករាលដាលជំងឺកូវីត១៩នៅលើពិភពលោក ហើយវាបានប៉ះពាល់ផងដែរដល់ប្រទេសកម្ពុជា ទើបសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានសម្រេចបង្កើតឡើងនូវ ក្រុម ប្រឆាំងជំងឺកូវីដ១៩ «NACC Team Against COVID-19» ដើម្បីរួមចំណែកធ្វើយុទ្ឋនាការជាមួយរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ដែលជាជំងឺដ៏កាចសហាវបានបំផ្លាញជីវិតមនុស្សនៅលើលោកជាង៥០មុឺននាក់ និងកំពុងតែឆ្លងជាង១០លាននាក់។

លោក សោម អូន បានបន្ថែមថា ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានខិតខំទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យនៅក្នុងកំរិតទាបក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយជាពិសេសយើងត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានអនាម័យនិងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដង ។ លោក បានបញ្ជាក់ថា ជំងឺកូវីដ១៩ វាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។

សូមបញ្ជាក់ ថា បន្ទាប់ពីទទួលបានសម្ភារ:ប្រឆាំងការរីករាលជំងឺវិដ១៩ ពីវេទិកាសម្ព័ន្ឋសង្គមសុីវិលនៃទីស្តីការគណរដ្ឋមន្ត្រី សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានរៀបចំផែនការសកម្មភាព ដើម្បីចុះយុទ្ឋនាការបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមបណ្តាបន្ទប់ជួលកម្មករ និង កន្លែងធ្វើការរបស់កម្មករនៅក្នុងរាជធានីភ្នំពេញ និងបន្តទៅបណ្តាខេត្តផងដែរ៕