(ភ្នំពេញ)៖ កម្មកររបស់ក្រុមហ៊ុនកាត់ដេ ហាណា (ខេមបូឌា) 1 អ៉ីន «Hana(Cambodia)1 INC» ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចេញរាំងមិនឱ្យក្រុមហ៊ុនដឹកទំនិញចេញ ទោះបីពួកគេបើកប្រាក់អត្ថប្រយោជន៍ ៣ចំណុចរួចហើយក៏ដោយ។

ចំពោះបញ្ហានេះ ក្រុមហ៊ុនកាត់ដេរហាណា (ខេមបូឌា) 1 អ៉ីន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងប្រាប់កម្មករនយោជិត ទាំងអស់ថា៖ «ក្រុមហ៊ុនបានអនុវត្តស្របតាមច្បាប់ស្ដីពីការងារ និងគោលការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងស្ថិតក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបំពេញកាតព្វកិច្ចបើកប្រាក់តាមច្បាប់ការងារ និងបទបញ្ញត្តិនានារបស់ក្រសួងការងាររួចហើយ» បន្ទាប់ពីបិទរោងចក្រ។

ខាងក្រុមហ៊ុនបញ្ជាក់ថា នឹងធ្វើការដឹកជញ្ជូនផលិតផលសម្រេច និងវត្ថុធាតុដើមចេញពីរោងចក្រនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យអ្នកបញ្ជាទិញទាន់ពេលវេលា ដោយលើកលែងតែម៉ាស៉ីនដេរ និងបានដឹកចេញនោះទេ។ ក្នុងករណីដែលមានការរារាំងមិនឱ្យមានការដឹកផលិតផលសម្រេច និងវត្ថុធាតុដើមទាំងនោះចេញបានទាន់ពេលវេលា អ្នកប្រព្រឹត្តនឹងទទួលខុសត្រូវ ទាំងការខូចខាត និងរឿងព្រហ្មទណ្ឌ ហើយក្រុមហ៊ុនសូមរក្សាសិទ្ធិប្រើប្រាស់វិធានការច្បាប់ជាធរមាន។

ក្នុងករណីក្រុមហ៊ុនមិនទាន់បំពេញកាតព្វកិច្ចចំពោះកម្មករ និយោជិតរូបណាស្របតាមច្បាប់ស្តីពីការងារ និងច្បាប់បញ្ញត្តិរបស់ក្រសួងការងារ ក្រុមហ៊ុនបន្តដោះស្រាយតាមនីតិវិធីរហូតដល់ចប់ជាស្ថាពរ។

លោកស្រី ទី សុធិតា ប្រធានរដ្ឋបាលរោងចក្រ បានឱ្យដឹងថា នៅអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបាត់បង់ការបញ្ជាទិញទាំងស្រុងពីបរទេស ដូចនេះក្រុមហ៊ុនបានប្រកាសផ្អាកបិទរោងចក្រភ្លាមៗ ចៀសវាងការជំពាក់បំណុលកម្មករថែមទៀត ហើយក្រុមហ៊ុនក៏បានផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករតាមច្បាប់ស្ដីពីការងារ នាថ្ងៃទី២៥ មិថុនា ២០២០ រួមមាន៖ ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់រំលឹកអតីតភាពការងារ ដោយមានការសម្របសម្រួលពីសហជីពដែលមានបញ្ជីការក្នុងរោងចក្រ។ បន្ទាប់ពីទទួលប្រាក់កម្មករសរុបចំនួន៦៦៩នាក់ បានផ្តិតមេដៃបញ្ចប់កិច្ចសន្យា និងប្រគល់កាតជូនក្រុមហ៊ុនវិញ។

លោកស្រីបន្តថា លុះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក៏មានការញុះញង់ពីមនុស្សពីខាងក្រៅ បានជំរុញឱ្យកម្មករមួយចំនួនទាមទារបន្ថែមពីចំណុចទៀតរួមមាន៖ ប្រាក់បំណាច់ជួសការជូនដំណឹង និងប្រាក់សោហ៊ុយជំងឺចិត្ត។ ចំពោះករណីនេះ ក្រុមកម្មករដែលមានគ្នាប្រមាណ៥០នាក់ ក៏បានធ្វើការទាមទារ ដោយបាននាំគ្នាទៅមុខក្រសួងការងារ ដឹកនាំដោយលោក សន ប្រាក់ ប្រធានសហព័ន្ធសហជីពឯករាជ្យការពារកម្មករ ហើយខាងក្រសួងការងារដែលមានលោក ខៀវ សាវុធ អគ្គលេខាធិការរងនៃ អ.គ.ក.ប និងជាប្រធានក្រុមការងារអន្តរាគមន៍ និងដោះស្រាយទី៧ ជួបប្រជុំភាគីទាំងអស់ដើម្បីដោះស្រាយ។

លោក ខៀវ សាវុធ បានបញ្ជាក់ក្នុងរបាយការណ៍ថា កាលពីថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ២០២០ លោកបានជួបប្រជុំដោះស្រាយការតវ៉ារបស់កម្មកររោងចក្រខាងលើរួចហើយ។ សមាសភាពចូលរួម គឺមានតំណាងសហជីពប្រចាំរោងចក្រ តំណាងរោងចក្រ ហើយបានដំណើរការដោះស្រាយគឺកម្មករមួយចំនួនទាមទារលក្ខខណ្ឌការងារ ៥ចំណុច។ ចំណែកក្រុមហ៊ុនបានដោះស្រាយចំនួន ៣ចំណុច។

លោក ខៀវ សាវុធ បានស្នើគ្រប់ភាគីទាំងអស់ចូលរួមប្រជុំស្វែងរកដំណោះស្រាយ ដែលក្រុមហ៊ុនបានផ្អាកដំណើរការសង្វាក់ផលិតកម្ម តែភាគីកម្មករ និយោជិតមិនចាត់តំណាងឱ្យដោះស្រាយឡើយ ព្រោះពួកគាត់កើតទុក្ខមិនសុខចិត្តហើយទៅវិញទៅមក មិនព្រមស្តាប់ហេតុផលអ្វីទាំងអស់ ពីក្រុមការងារដើម្បីប្រជុំស្វែងរកដំណោះស្រាយនេះ។

លោកបញ្ជាក់ថា ចំពោះការទាមទាររបស់កម្មករ ៥ ចំណុច រួមមាន៖ ១៖ ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ២៖ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ៣៖ ប្រាក់រំលឹកអតីតភាពការងារ, ៤៖ ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៥៖ ប្រាក់សង់ហ៊ុយជំងឺចិត្ត។

ចំណែកភាគីក្រុមហ៊ុន បានដោះស្រាយសំណងបានចំណុចទី១-២ និង៣ រួចហើយ។ ខាងភាគីរោងចក្រ ក៏បានសុំដល់អាជ្ញាធរមានសមត្ថកិច្ច ជួយធ្វើអន្តរាគមន៍កុំឱ្យកម្មកររារាំងក្នុងការដឹកទំនិញចេញចូលផងដែរ៕