(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចអនុម័តលើផែនការមេចុងក្រោយ នៃគម្រោងសាងសងអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថ្មី ដំណាក់កាលទី១ ដែលគ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី។

ពិធីចុះហត្ថលេខា ធ្វើឡើងក្រោមវត្ដមាន នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី។

នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃមោទនភាពបំផុត ដែលមានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតយល់ព្រមឲ្យក្រុមហ៊ុន ចូលរួមចុះហត្ថលេខា លើផែនការមេចុងក្រោយ គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានបញ្ជាក់ថា ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ទទួលបានភ្ញៀវទេសចរ១៣លាននាក់ ក្នុង១ឆ្នាំ។

អ្នកឧកញ៉ា ពុង ឃាវសែ បានបន្ថែមទៀតថា ដោយឡែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។

សម្រាប់ដំណាក់កាលទី១ នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ ដែលអាចទទួលភ្ញៀវទេសចរបាន១៣លាននាក់។ សម្រាប់ការងារសាងសង់ ដំណាក់កាលទី១ មានដូចជា៖

* អគារស្ថានីយអ្នកដំណើរមានកម្ពស់៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា២៤៣០០០ម៉ែត្រការ៉េ ដែលរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៥ភាគរយ ដែលគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២២។

* ការសាងសង់ផ្លូវរត់យន្តហោះ (Runway) មានប្រវែង៤ពាន់ម៉ែត្រ និងទទឹង៦០ម៉ែត្រ ជាប្រភេទអាកាសយានដ្ឋាន 4F។

* ការសាងសង់អគារប៉មត្រួតពិនិត្យផ្លូវអាកាស មានកម្ពស់១០៨ម៉ែត្រ ដែលការងារនេះក្រុមហ៊ុនបានសាងសង់សម្រេចបាន៥% ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២។

* ការងារសាងសង់អគារ និងទីតាំងផ្សេងៗជាង៤០ផ្សេងទៀត សម្រាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះមានដូចជា ស្ថានីយអ្នកដំណើរ VIP, ទីតាំងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ទីតាំងស្តុកសំណល់រឹង កន្លែងជួសជុលរថយន្ត កន្លែងស្តុកប្រេង និងទីតាំងស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យជាដើម។

គួររំលឹកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង ក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ។

ដោយឡែក ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕