(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកទី៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងកិច្ចសន្ទនាអន្តរសកម្មលើរបៀបវារៈទី២ ស្ដីពីរបាយការណ៍បច្ចុប្បន្នភាពរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្ដីពីផលប៉ះពាល់មេរោគកូវីដ១៩ ចំពោះវិស័យសិទ្ធិមនុស្ស កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ទីក្រុងហ្សឺណែវ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានប្រាប់ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពីវិធានការជួយពលរដ្ឋដែលប៉ះពាល់ដោយកូវីដ ដោយគ្មានការរើសអើង។

នៅក្នុងកិច្ចប្រជុំនោះ កអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់៦ចំណុចយ៉ាងដូច្នេះថា៖

១៖ គណៈប្រតិភូយើងខ្ញុំសូមចូលរួមគាំទ្រសេចក្ដីថ្លែងការណ៍របស់អាស៊ានដែលបានថ្លែង មុននេះបន្តិច និងសូមកត់សម្គាល់នូវរបាយការណ៍បច្ចុប្បន្នភាពសាកលរបស់លោកស្រីឧត្តមស្នងការ ស្ដីពីផលប៉ះពាល់នៃមេរោគកូវីដ១៩ ចំពោះវិស័យសិទ្ធិមនុស្ស។

២៖ ជំងឺរាតត្បាតដែលកំពុងបន្តកើតមានឡើងនាពេលនេះ បាននាំសាកលលោកទាំងមូល ធ្លាក់ចូលទៅក្នុងស្ថានភាពដែលមិនធ្លាប់ពីមុនមក ដែលតម្រូវឱ្យមានការឆ្លើយតប វិសាមញ្ញនិងពុំដែលដាក់ចេញនាពេលកន្លងទៅ ព្រមជាមួយនឹងការបន្តសាមគ្គីភាព អន្តរជាតិ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព សាជាថ្មី ។

៣៖ កម្ពុជាបានដាក់ចេញនូវវិធីសាស្ដ្រ ដែលមានការចូលរួមពីរដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល ស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។ ការឆ្លើយតបរបស់កម្ពុជា បានដាក់បញ្ចូលនូវគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍នៃការមិនរើសអើង សំដៅមិនទុកនរណាម្នាក់ចោលឡើយ។

៤៖ ការអនុញ្ញាតប្រកបដោយមនុស្សធម៌ឱ្យនាវាកម្សាន្ត Westerdam ចូលចត កាលពីដើម ឆ្នាំនេះ បន្ទាប់ពីបណ្ដាប្រទេសមួយចំនួន បានបដិសេធមិនទទួល គឺជាការធានានូវសិទ្ធិ មានជីវិតសិទ្ធិរស់រាន និងសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកដំណើរនិងក្រុមអ្នក បម្រើការលើនាវាសរុបចំនួនជាង ២.០០០នាក់ មាន៤១សញ្ជាតិ នៅលើនាវានោះ។

៥៖ កាលពីប៉ុន្មានខែមុននេះ កម្ពុជាធ្លាប់បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់ជនជាតិ ជនបរទេសនិងពលរដ្ឋខ្មែរ ដែលមានលទ្ធផលតេស្តកូវដ១៩ វិជ្ជមាន ដោយពុំមានអត្រាមរណភាព និងពុំមានការចម្លងនៅកម្រិតសហគមន៍ឡើយ។

៦៖ កម្ពុជាក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជួយគាំទ្រក្រុមងាយរងគ្រោះ។ បន្ថែមលើជំនួយហិរញ្ញវត្ថុជូនកម្មកររោងចក្រកាត់ដេរ ដែលភាគច្រើនគឺជាស្ត្រី សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន បានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលនឹងជួយដល់ក្រុមគ្រួសារងាយរងគ្រោះបំផុត ប្រមាណជិត ៦០០.០០០គ្រួសារ ក្នុងនោះរួមមាន ជនពិការ ស្ត្រីមានផ្ទៃពោះនិងកុមារ៕

ខាងក្រោមនេះជាបទអន្តរគមន៍របស់ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖