(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

កិច្ចប្រជុំត្រួតពិនិត្យ មានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពង់ស្ពឺ កោះកុង កំពត និងខេត្តកែប។

បន្ទាប់ពីបើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត រួចមក ក្រុមការងារជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរនបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានបន្តកិច្ចពិភាក្សាលើការងារជំនាញទាំង៦ ជាមួយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តទាំង ៥ ដែលបានចូលរួម។

សូមជម្រាប់ថា កិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ធ្វើឡើងរយៈពេលមួយថ្ងៃពេញ ដើម្បីពិភាក្សាលើការងារគន្លឹះ ដើម្បីកាត់បន្ថយបទល្មើស ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានសុខសុវត្ថិភាព៕