(ស្វាយរៀង)៖ ក្រោយពីមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្វាយរៀង បានរកឃើញសារធាតុគីមី ដាក់គុយទាវសរសៃធំ៥គីឡូក្រាម និងទំនិញគុណភាពមួយចំនួន នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០រួចមក នៅរសៀលថ្ងៃដែលមន្ត្រីជំនាញ បានស្នើសុំព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងអាជ្ញាធរដែនដី ដើម្បីសហការចុះត្រួតពិនិត្យទីតាំងសិប្បកម្ម សរសៃគុយទាវ ខេត្តស្វាយរៀង ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះទៅត្រួតពិនិត្យកន្លែងសិប្បកម្មសសៃគុយទាវខេត្តស្វាយរៀងនេះ មានការចូលរួមពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងខេត្តស្វាយរៀង, លោក ផឹង និល ប្រធានសាខា, ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង និងមន្ត្រីសាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ជាច្រើនរូបផងដែរ។

លោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីរកឃើញសារធាតុគីមី ដាក់ក្នុងសរសៃគុយទាវនៅផ្សារប្រសូត្រ ស្រុកស្វាយទាប រួចមកមន្ត្រីជំនាញបានតាមរកប្រភពផលិតទើបដឹងថា នៅសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលមានម្ចាស់ឈ្មោះ នង សុវណ្ណារិទ្ធ ជាម្ចាស់ទីតាំងស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក៏ស្នើសុំព្រះអាជ្ញាសាលាដំបូងខេត្ត សហការចុះពិនិត្យតែម្តង។

ដោយមានការពិនិត្យ និងធ្វើតេស្តយ៉ាងយកចិត្តទុក បានរកឃើញសរសៃគុយទាវមានសារធាតុគីមី (borax) ចំនួន២៥០គីឡូក្រាម នៅក្នុងទីតាំងសិប្បកម្មសរសៃគុយទាវ ខេត្តស្វាយរៀង ដែលសរុបទាំងទំនិញខូចគុណភាពផងដែរនោះ ចំនួន៤៥០គីឡូក្រាម ត្រូវមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល។

ចំណែកម្ចាស់សិប្បកម្មផលិតសសៃគុយទាវ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាណែនាំ កុំឲ្យផលិតសរសៃគុយទាវដាក់សារធាតុគីមី (borax) តទៅទៀតដែលនាំឲ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយបើព្រមរាងចាលទេ នឹងបិទសិប្បកម្មផលិតសរសៃគុយទាវចោលតែម្តង។

លោក ផឹង និល បានបន្តថា រាល់សិប្បកម្មខ្នាតតូចដែលប្រជាពលរដ្ឋបង្កើតឡើង មន្ត្រីជំនាញគាំទ្រ និងជំរុញលើកទឹកចិត្តបន្ថែម តែត្រូវអនុវត្តទៅតាមច្បាប់ ដែលបានកំណត់ និងផលិតទៅតាមបច្ចេកទេត្រឹមត្រូវ ដោយមិនត្រូវដាក់សារធាតុគីមីហាមឃាត់នោះទេ ហើយមន្ត្រីជំនាញនឹងបន្តចុះពិនិត្យមុខទំនិញ នៅតាមផ្សារនានាក្នុងខេត្ត ឲ្យបានញឹកញាប់ជាបន្តបន្ទាប់ទៀតដើម្បីធានាបានសុវត្ថិភាពមុខទំនិញជូនពលរដ្ឋផងដែរ៕