(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ នាំមកនូវថវិកាចំនួន ១៨៣,៩៩៦,០០០រៀល (ស្មើប្រមាណ៤៥,០០០ដុល្លារ) ដែលទទួលបានពីសមាជិកគាំទ្រចំនួន ១១,៣៦១នាក់ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មកប្រគល់ជូនក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងពីធីប្រគល់-ទទួលនេះ លោក នង ពិសិ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបរិច្ចាគ ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជានេះ ដែលនេះជាកាយវិការ គួរឲ្យគោរព និងបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺ ទឹកចិត្តខ្មែរជួយខ្មែរ ក្នុងការលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជារាប់លាននាក់។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះ ឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជននានា ដែលមានបំណងចូលរួមបរិច្ចាគ ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន។

បន្ថែមពីនេះ លោក នង ពិសិ្ឋ ក៏បានលើកទឹកចិត្តឲ្យមានការបន្ត និងពង្រីកការចូលរួមបរិច្ចាគ ឲ្យបានកាន់តែទូលំទូលាយ ទាំងនៅតាមក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ដើម្បីរួមគ្នាធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ នៅកម្ពុជា ក្រោមដំបូលសន្តិភាព៕