(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងក្រុមសង្គោះបន្ទាន់៧១១ បានដឹកនាំក្រុមជំនាញ NACC Team Against COVID-19 ចុះធ្វើយុទ្ឋនាការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ការរីករាលដាលជំងឺ កូវីត-១៩ នៅតាមផ្ទះជួល, បន្ទប់ជួលរបស់កម្មករចំនួន ជាង ១០០បន្ទប់, នៅអគាររដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងអគារនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្សព្វផ្សាយអប់រំ អោយបងប្អូនកម្មករ-កម្មការិនី រៀបចំទុកដាក់វិចខ្ចប់សំភារៈអោយបានត្រឹមត្រូវ ​មុននិងក្រុមការ​ងារ​ធ្វើការបាញ់ថ្នាំបំភាយ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ស្នើអោយបងប្អូនកម្មករ-កម្មការនី ចូលរួមចំណែកនៅវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរ​ទាំងអស់គ្នា ដោយសារជំងឺនេះជាជំងឺដ៌សាហាវបំផុតដែរអាចធ្វើអោយមនុស្សស្លាប់បាន ដោយយើងទាំងអស់គ្នាមិនបានការពារត្រឹមត្រូវ​តាមការផ្សព្វផ្សាយអប់រំរបស់​អាជ្ញាធរមូលដ្ឋាននោះទេ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ លើពិភពលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់៥១ម៉ឺននាក់ និង ជាសះស្បើយជាង ៥.៧លាននាក់ហើយ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ដូច្នេះស្នើអោយបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ត្រូវចេះសម្អាតខ្លួនប្រាណ យើងអោយបានជាប់ជាប្រចាំ ដោយប្រើប្រាស់ អាកុល ឬក៌ជែល សាប៊ូលាដៃ ហូបស្អាត និងតាមដានសុខភាព​អោយបានជាប់ជាប្រចាំ​លើការវាស់កំដៅទើបធ្វើអោយយើងអាចឆ្លងផុតពីជំងឺកូវីដ-១៩ នេះបានដោយខ្លួនឯង។

លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានលើកឡើងថា ដោយទទួលបាននូវសម្ភារ:ពីវេទិកាសម្ព័ន្ឋសង្គមសុីវិល នៃទីស្តីការគណរដ្ឋមន្ត្រី លោកបានបង្កើតក្រុមនេះឡើងដែលមានឈ្មោះថា «NACC Team Against COVID-19» ដោយបានបណ្តុះបណ្តាលជំនាញត្រឹមត្រូវ ដើម្បីចូលរួមចំណែកធ្វើយុទ្ឋនា​ការ​ជាមួយរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីព្រោះសព្វថ្ងៃជំងឺកូវីដ-១៩ គឺជាជំងឺសកល មានការឆ្លងរីករាលដាលនៅពាសពេញពិភពលោក បង្កឲ្យមានអ្នកស្លាប់ អ្នកឆ្លងមានកំណើនមិនទាន់ថមថយ និងមិនទាន់មាន វ៉ាសាំងការពារនៅឡើយ ។

លោក សោម អូន បានបន្តថាក្រុមការងារបស់លោក នឹងបន្តសហការជាមួយបណ្តាខណ្ឌ សង្កាត់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចុះអប់រំដល់ កម្មករនិយោជិត និងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមផ្ទះជួលរបស់បងប្អូន កម្មករ និង ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលជំងឺ កូវីត-១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕