(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមស្តាប់ការធ្វើបទបង្ហាញ ស្តីពី «ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ» ទាក់ទងនឹងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន។

ការធ្វើបទបង្ហាញនេះ មានការចូលរួមពី លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា, លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ, រួមជាមួយតំណាងក្រសួងព័ត៌មាន, និងមន្រ្តីពាក់ព័ន្ធនានា។ ក្នុងនោះក៏មានក្រុមយុវជនមកពីបណ្តាខេត្តមួយចំនួនចូលរួមស្ដាប់បទបង្ហាញនេះផងដែរ។

លោក ឈាង វុន បានថ្លែងថា បន្ទាប់ពីមានសំណើពីអង្គការសង្គមស៉ីវិល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដោយបានអញ្ជើញលោក Sardar Umar Alam, លោក ឡាំ សុជាតិ, តំណាងក្រសួងព័ត៌មាន, និងមន្រ្តីពាក់ព័ន្ធនានា មកជួបពិភាក្សានិងធ្វើបទបង្ហាញ ដើម្បីស្វែងយល់ពីចំណុចសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន។

លោក Sardar Umar Alam ក៏ដូចជាលោក ឡាំ សុជាតិ និងតំណាងក្រសួងព័ត៌មាន បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺជាសេចក្តីព្រាងច្បាប់មួយដ៏មានសារៈសំខាន់។ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺក្រសួងព័ត៌មាន ដោយមានកិច្ចសហការជាមួយអង្គការ UNESCO ប្រចាំនៅកម្ពុជា លើជំនួយផ្នែកបច្ចេកទេស បានធ្វើការរៀបចំដោយមានការបើកចំហរទទួលយកមតិយោបល់ពីដៃគូជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធនានា តាមរយៈការរៀបចំធ្វើវេទិការសាធារណៈ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ទើបសម្រេចតាក់តែងបានជាសេចក្តីព្រាងច្បាប់នេះឡើង។

បន្ទាប់ពីដំណើរការនៃការធ្វើបទបង្ហាញបានប្រព្រឹត្តទៅយ៉ាងល្អ និងមានការផ្ដល់មតិយោបល់យ៉ាងផុលផុសពីអ្នកចូលរួម លោក ឈាង វុន បានថ្លែងនៅក្នុងកិច្ចបញ្ចប់នៃបទបង្ហាញ ដោយបានថ្លែងកោតសរសើរចំពោះលោក Sardar Umar Alam, លោក ឡាំ សុជាតិ, និងតំណាងក្រសួងព័ត៌មាន ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា ដែលបានចំណាយពេលវេលាមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ អំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន ឲ្យមានលក្ខណៈសមស្របទៅនឹងក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ។

លោក ឈាង វុន ក៏បានស្នើឲ្យក្រសួងព័ត៌មាន យកនូវសំណូមពរទាំងឡាយដែលបានលើកឡើងនៅក្នុងបទបង្ហាញនាពេលនេះ ទៅពិចារណាដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈស្តង់ដារ យកទៅអនុវត្តមានប្រសិទ្ធភាព និងតម្លាភាព ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នឹងត្រូវបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភាក្នុងពេលឆាប់ៗខាងមុខនេះ៕