(ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងត្រៀមខ្លួន បញ្ជូនជនជាតិម៉ុងតាញ៉ា ១៣នាក់ ទៅស្នាក់នៅជុំរុំបណ្តោះអាសន្នមួយរបស់ UNHCR នៅប្រទេសហ្វ៊ីលីពីន ខណៈដែលជនជាតិម៉ុងតាញ៉ា ១៧១ផ្សេងទៀត កំពុងស្វែងរកសិទ្ធិជ្រកកោន។

នេះបើតាមការបញ្ជាក់ ពីមន្រ្តីក្រសួងមហាផ្ទៃ ដែលនាំពាក្យនៃជំនួបរវាងតំណាង UNHCR ជាមួយសម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យដែលថ្លែងសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា «បច្ចុប្បន្នមានជនជាតិម៉ុងតាញ៉ា នៅកម្ពុជាចំនន១៣នាក់ គឺគាត់មានឋានៈជាជនភៀសខ្លួនហើយ ហើយនៅ១៧១នាក់ទៀត ដែលនាយកដ្ឋាន​ជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺគាត់កំពុងតែធ្វើការងារនេះ»។

ក្រសួងមហាផ្ទៃ បានអនុវត្តលក្ខខណ្ឌ២ សម្រាប់ជនជាតិម៉ុងតាញ៉ា ដែលបានរត់មកស្នាក់នៅប្រទេសកម្ពុជា។ លក្ខខណ្ឌទាំងពីរនេះ គឺបញ្ជូនទៅប្រទេសទី៣ នៅពេលដែលរកឃើញថា ពួកគេគឺជាជនភៀសខ្លួនពិតប្រាកដ និងចាប់បញ្ជូនទៅប្រទេសដើមវិញ នៅពេលដែលវាយតម្លៃឃើញថា ពួកគេមិនមែនជាជនភៀសខ្លួន។

កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ ជនជាតិ ម៉ុងតាញ៉ា ២៤នាក់ ត្រូវបានបញ្ជូនជាលើកទី២ទៅវៀតណាមវិញ បន្ទាប់ពីការបញ្ជូនលើកទី១ នៅខែកក្កដា ដែលមានជនជាតិម៉ុងតាញ៉ាចំនួន ១២ នាក់៕