(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចែករំលែកបទពិសោធន៍ការងារ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងខេត្តកំពង់ចាម ដែលទទួលបានលទ្ធផលល្អ រយៈពេល៥ឆ្នាំជាប់ៗគ្នា។

តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម» លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យ គឺបែងចែកការដឹកនាំជាជំហានផ្សេងៗគ្នា។

*ទី១៖ យន្ដការអនុវត្តនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៖ បែងចែកស្នងការរង ទទួលចុះពង្រឹងដឹកនាំការងារនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ទូទាំងខេត្តកំពង់ចាម។

*ទី២៖ យន្ដការអនុវត្តនៅអធិការដ្ឋាននគរបាលស្រុក-ក្រុង៖ បែងចែកអធិការរង ចុះពង្រឹងដឹកនាំនគរបាល​ប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងប្រជាការពារជាជំនួយការបន្ថែម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រៅពីយន្ដការទាំងពីរខាងលើនេះ វិធានការផ្សព្វផ្សាយអប់រំ ក៏ទាមទារឲ្យអនុវត្ដជាប់ជាប្រចាំនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ ស្របតាមអ្វីដែលជាផែនការតាមកំណត់។ បន្ថែមពីនេះ គឺត្រូវពង្រឹងចលនាប្រជាការពារ ដែលជាកម្លាំងជួយដ៏មានប្រសិទ្ធភាពនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ​ឯម កុសល បានគូសបញ្ជាក់ទៀតថា ដើម្បីអនុវត្តការងារទាំងអស់នេះទទួលបានជោគជ័យ ទាមទារឲ្យមានការធ្វើផែនការច្បាស់លាស់ ហើយក្រោយពេលរៀបចំផែនការហើយ ត្រូវប្រជុំផ្សព្វផ្សាយអំពីការប្រគល់ភារកិច្ច និងចុងក្រោយអនុវត្តផែនការដែលកំណត់តែម្ដង។ ដោយឡែក ក្នុងការអនុវត្តផែនការនេះទៀតសោត ត្រូវយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យ កែលម្អបញ្ហាប្រឈមដែលបានជួបនៅមូលដ្ឋាន៕