(ភ្នំពេញ)៖ លោកចៅសង្កាត់ និងលោកចៅសង្កាត់រងត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមនុស្ស២នាក់ទៀត ក្នុងនោះម្នាក់មានតួនាទីជាអនុប្រធានភូមិក្រាំង ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលខ្លួនទៅបំភ្លឺលើសំណុំរឿងព្រហ្មទណ្ឌ ប្រើប្រាស់អំពើហិង្សា លួចលក់អចលនវត្ថុអ្នកដ៏ទៃ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈដែលសង្ស័យថាផ្ដើមចេញពីរឿងទំនាស់ដីធ្លី។

យោងតាមដីកាកោះដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកដែលត្រូវតុលាការកោះហៅឲ្យចូលខ្លួន ទៅសួរនាំរួមមាន៖

* ទី១៖ ឈ្មោះ ហ៊ត រដ្ឋា ភេទប្រុស មុខរបរជាចៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាសាក្សី) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៖៣០នាទីរសៀល។

* ទី២៖ ឈ្មោះ ស៊ឹម ភូន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរចៅសង្កាត់រងសង្កាត់ត្រពាំងក្រសាំង មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៖៣០នាទីរសៀល។

* ទី៣៖ ឈ្មោះ ញ៉េង ចយ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីព្រឹក។ អ្នកទាំ៣ ត្រូវចូលខ្លួនទៅដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវី ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលបានចោទពីបទប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត, ធ្វើឲ្យខូចខាតដោយចេតនា, លួចលក់អចលនវត្ថុអ្នកដ៏ទៃ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។

* ទី៤៖ ឈ្មោះ សួន សុខេន ភេទប្រុស អនុប្រធានភូមិក្រាំងមានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាជនសង្ស័យ) ឲ្យចូលខ្លួនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣៖៣០នាទីរសៀល ដើម្បីបំភ្លឺពីដំណើររឿងបណ្ដឹងរបស់លោកមេធាវី ផែង ស៊ីដេត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ពីបទក្លែងបន្លំឯកសារសាធារណៈ៕