(ភ្នំពេញ)៖ តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញពីអ្វីដែលជាផែនការយុទ្ធសាស្ដ្របន្ដ ដើម្បីទប់ទល់ជាមួយការបាក់ច្រាំងទន្លេ នៅក្នុងភូមិសាស្ដ្រក្រុងកំពង់ចាម និងការរៀបចំហេដ្ឋារចនាសម័ន្ធតាមដងទន្លេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក អ៊ុន ចាន់ដា បានអះអាងថា កាលពេលកន្លងទៅមាត់ទន្លេនៅក្នុងក្រុងកំពង់ចាម បានរងនូវការបាក់ស្រុតយ៉ាងខ្លាំង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងបំផុត។ ហេតុដូច្នេះហើយ ក្នុងនាមរដ្ឋបាលខេត្ត បានគិតអំពីវិធានការណ៍ចំពោះមុខភ្លាមៗ នៅក្នុងឆ្នាំ២០២០នេះ ធ្វើយ៉ាងទប់ទល់មិនឲ្យមានការបាក់ច្រាំងបន្ដទៀតឡើយ។

បើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា រដ្ឋបាលខេត្ត បានពិភាក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដោយរៀបចំចាក់បេតុងតែម្ដងនៅតាមច្រាំងទន្លេ។ ក្រៅពីការជួសជុលច្រាំងនេះ ខេត្តក៏បានពិនិត្យមើលសោភ័ណ្ឌភាពសួនច្បារបន្ថែមទៀត ព្រោះថានៅពេលបាក់ច្រាំងស្ថានភាព កម្រាលដីដែលបានរៀបចំជាសួនរងនូវការខូចខាតផងដែរ។

អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា ការរៀបចំស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ ឲ្យមានសោភ័ណ្ឌភាពល្អនេះ បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍនៅឆ្នាំ២០២១។ ក្នុងនោះ ក៏បូករួមជាមួយការបំពាក់នូវបរិក្ខាអគ្គិសនី ព្រមទាំងការលម្អផ្សេងៗទៀត រួមទាំងយករូបសំណាកដំរីសាមពាន់មកវិញផងដែរ។

លើសពីនេះ រដ្ឋបាលខេត្ត នឹងរៀបចំអ៊ុតផ្លូវកៅស៊ូ AC បន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណ្ឌក្នុងក្រុងកំពង់ចាម និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងការរៀបចំប្រព័ន្ធលូឲ្យបានធំជាងមុន ធ្វើយ៉ាងណាកុំឲ្យមានបញ្ហាស្ទះលូវកើតឡើង។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា៕