(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់មន្ត្រីតាមភូមិឃុំ គ្រប់បណ្តាខេត្តទាំងអស់ត្រូវអនុវត្តកម្មវិធីបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះឱ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព កុំមានការក្លែងបន្លំយកលុយកាកប្រជាពលរដ្ឋឱ្យសោះ បើសិនប្រព្រឹត្តអ្វីដែលខុសគោលការណ៍ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

លោករដ្ឋមន្រ្តី វង សូត បានថ្លែងអំពាវនាវយ៉ាងដូចនេះនាសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ភាពមិនប្រក្រតី និងការតវ៉ាមួយចំនួនលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មាននេះធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា។

លោក វង សូត បានបន្ថែមថា ទាក់ទិននឹងប្រជាពលរដ្ឋដែលត្រូវបើកប្រាក់ឧបត្ថម្ភក្នុងខែមិថុនា ឆ្នាំ២០២០នេះ ត្រូវប្រញាប់រួសរាន់ទៅបើកប្រាក់ឱ្យបានទាន់ ពេលវេលាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ប្រសិនបើខកខានមិនបានបើកប្រាក់ក្នុងកំឡុងពេលនេះទេ កាបើកប្រាក់ឧបត្ថម្ភសម្រាប់ខែមិថុនា នឹងត្រូវបិទ ហើយគិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០តទៅ និងចាប់ផ្តើមបើកប្រាក់ប្រាក់ឧបត្ថម្ភសម្រាប់ខែកក្កដា វិញម្តង។

លោករដ្ឋមន្ត្រី អំពាវនាវដល់លោកមេភូមិ ឃុំ គ្រប់បណ្តាខេត្តត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ត្រូវប្រាប់ឱ្យប្រជាពលរដ្ឋដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ មកតាមលំដាប់ភូមិ ឃុំ ដើម្បីចៀសវាងប្រជាពលរដ្ឋមកច្រើនបណ្តាលឱ្យមានការកកស្ទះក្នុងបើកប្រាក់ជូនពួកគាត់ និងនាំឱ្យខាតបង់ពេលវេលារបស់ពួកគាត់ផងដែរ ហើយជាពិសេសទៀតនោះអាជ្ញាធរភូមិឃុំ ត្រូវចូលរួមរំលឹក និងប្រាប់ដល់ពលរដ្ឋដែលត្រូវទទួលបានសាច់ប្រាក់ឱ្យគាត់បានដឹងពីផែនការបើកប្រាក់ឧបត្ថម្ភនេះផង ចៀសវាងពួកគាត់មិនបានដឹងក្នុងប្រការណាមួយ ដូចនេះត្រូវធ្វើយ៉ាងណាឱ្យពួកគាត់បានមកបើកប្រាស់ឧបត្ថម្ភបានត្រឹមត្រូវនិងមានតម្លាភាពបំផុត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយ សារជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ដំណាក់ការទីមួយ នៃការឧបត្ថម្ភសាច់ប្រាក់នេះធ្វើឡើងសម្រាប់ខែមិថុនា និងកក្កដា។ ក៏ប៉ុន្តែប្រសិនបើជំងឺកូវីដ១៩ មិនទាន់រលាយរលត់ទេ ការឧបត្ថម្ភនេះនឹងធ្វើសម្រាប់ជំហានបន្ទាប់រយៈពេលពីរខែបន្ថែមទៀត ហើយនឹងធ្វើនៅខែបន្តបន្ទាប់ទៀត បើជំងឺកូវីដ១៩មិនទាន់រលាយទេនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍កម្មវិធីនេះជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការឧបត្ថម្ភសាច់ប្រាក់នេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ ហើយក៏ជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីប្រកាសអនុវត្តជាផ្លូវការហើយនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកប្រតិបត្តិករផ្ទាល់លើកម្មវិធីនេះ ក៏បានចាត់ចែងទម្លាក់ថវិកាជូនដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលបានការឧបត្ថម្ភនេះ។ បន្ទាប់ពីការអនុវត្តន៍មួយរយៈពេលខ្លីក៏ផ្ទុះឡើងនូវបាតុភាព និងបញ្ហាមួយចំនួនពីតាមមូលដ្ឋាន ដូចជាការលើកឡើងថា មានការកាត់លុយឧបត្ថម្ភ និងការផ្តល់បណ្ណសមធម៌សង្គមដោយមិនតម្លាភាព ធ្វើឡើងតាមខ្សែរយៈ និងតាមសាច់ញាតិជាដើម។

កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ការឧបត្ថម្ភសាច់ប្រាក់នេះកំណត់ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕