(ត្បូងឃ្មុំ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ-ឥស្លាមចំនួន ៦០គ្រួសារ រស់នៅសហគមន៍ខ្មែរ-ឥស្លាម ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី នៃភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការ រងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការគិតគូរ ជាមួយនឹងមនោសញ្ចេតនា និងអនុស្សាវរីយ៍ជាច្រើននៅស្រុកកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសក្តីសោមនស្សរីករាយចំពោះការកើតថ្មីឡើងវិញនូវភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ដែលមានសហគមន៍ខ្មែរ-ឥស្លាមរស់នៅតំបន់នេះ។

ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

ទន្ទឹមនឹងនេះ លោកស្រី បានគូសបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឱ្យមានអ្នកស្លាប់ និងគ្រប់គ្រងមិនឱ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់ និងទប់ស្កាត់បានយ៉ាងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកស្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្ត សប្បុរស និងស្មារតីចែករំលែក បន្តចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ទោះបីជាកាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ឧសភា ឆ្នាំ២០២០ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។ ការបរិច្ចាកធនធាន ពីសប្បុរសជនទាំងអស់ បានផ្តល់លទ្ធភាព ដល់កាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេស ជាពិសេស ការជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលកូវីដ-១៩នេះ។

សូមបញ្ជាក់ផងដែរថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) អាល់កុល១ដប ម៉ាស់១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕